(ប៉ារីស)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង នៅថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីសង្ក្រាន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ដោយមានការអញ្ជើញចូលរួមពីសិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទីនៃប្រទេសបារាំង ដូចជាតំបន់ Île de France ខេត្តToulouse, Lille និងតំបន់ភូមិភាគឦសាន សរុបប្រមាណជាង ៧០០ នាក់ នៅសាល du Citoyen នៃសង្កាត់ Lognes។

កម្មវិធីនេះក៏មានការចូលរួមផងដែរពីអាជ្ញាធរមូលដ្ឋានបារាំងដូចជា លោកចៅសង្កាត់ Bussy Saint Georges ចៅសង្កាត់ Lognesចៅសង្កាត់រង Croissy-Beaubourg និង ចៅសង្កាត់រង Noisiel។

ទោះបីជាឃ្លាតចាកឆ្ងាយពីទឹកដីកំណើត ប៉ុន្តែប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងនៅតែបន្តរក្សាកេរដំណែលប្រពៃណី ទំនៀមទម្លាប់ និងស្មារតីសាមគ្គីភាព រួមគ្នាប្រារព្ធពិធីសង្ក្រាននេះឱ្យប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនរីករាយ និងកក់ក្តៅក្រៃលែង ជាមហាគ្រួសារខ្មែរតែមួយ ដើម្បីលើកមុខមាត់ សហគមន៍ខ្មែរ និងផ្សព្វផ្សាយវប្បធម៌-អារ្យធម៌ខ្មែរដ៏ថ្កុំថ្កើងក្នុងមជ្ឈដ្ឋានអន្តរជាតិ។

ក្នុងឱកាសដ៏មហោឡារិកនោះផងដែរ សាធារណជនបានរីករាយនឹងការទស្សនាទម្រង់សិល្បៈដ៏សម្បូរបែបដូចជា ការសម្តែងរបាំបុរាណជូនពរ របាំប្រជាប្រិយគោះត្រឡោក ចម្រៀង«ពង្សាវតារខ្មែរ» ការបង្ហាញសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរតាមពណ៌ទាំងប្រាំពីរថ្ងៃ ការច្រៀងរាំលេងកម្សាន្ត និងពិសាអាហារជួបជុំជាដើម៕