(ភ្នំពេញ)៖ អាជ្ញាធរ និងបុគ្គលិកអនាម័យ បានរួមគ្នាបាញ់ទឹក និងបោសលាងសម្អាត បរិវេណរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ដើម្បីត្រៀមទទួលប្រជាពលរដ្ឋ ដែលនឹងបន្ដមកលេងកម្សាន្ដនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង។

សូមជម្រាបថា រយៈពេលពីរថ្ងៃមកនេះ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាទៅលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ក្នុងកម្មវិធី «សង្ក្រាន្ដវត្តភ្នំ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ «សង្ក្រាន្ដវត្ដភ្នំ» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

ក្នុងនោះ នឹងមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។

ដើម្បីឲ្យការរៀបចំកម្មវិធីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការ កកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំចំណតយានយន្តសម្រាប់អ្នកចូលរួមកម្មវិធីសង្ក្រាន្តវត្តភ្នំ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕