(ភ្នំពេញ)៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ “សង្ក្រាន្ត” ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស. ២០២៤ វេលាម៉ោង២២:១៧នាទីយប់ ជាថ្ងៃចូលឆ្នាំថ្មី ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរជាមួយមនោសញ្ចេតនា សប្បាយរីករាយឥតឧបមា ប្រកបដោយសេចក្តីគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ ជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់យ៉ាងជូន សម្តេចក្រឡាហោម និងលោកជំទាវ។

សម្តេចក្រឡាហោម ជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រដែលនាពេលកន្លងមក តែងខិតខំប្រឹងប្រែង តស៊ូព្យាយាមអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិកម្ពុជា និងបានរួមចំណែកអនុវត្តគោលនយោបាយ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សុវត្ថិភាពជូនប្រជាជន និងបានកសាងសមិទ្ធផលសង្គមជាច្រើន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ ឈរលើគ្រប់វិស័យ។

ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លានៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅ ស្រីជាទីស្រលាញ់ សូមបានប្រកបនឹងព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕