(ភ្នំពេញ)៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ “សង្ក្រាន្ត” ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រិស្តសករាជ២០២៤ វេលាម៉ោង២២:១៧នាទីយប់ ជាថ្ងៃចូលឆ្នាំថ្មី ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការ អបអរសាទរជាមួយមនោសញ្ចេតនាសប្បាយរីករាយឥតឧបមា ប្រកបដោយសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាល ជ្រៅ ព្រមទាំងសូមជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់យ៉ាងជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ខ្ញុំសូមកោតសរសើរ ចំពោះភាពដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី បំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុនៃការងារមនុស្សធម៌។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកាកបាទក្រហមកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សេចក្តីថ្លៃថ្នូរ កិត្តិយស តួនាទីរបស់ស្ត្រីនៅក្នុងសង្គមកាន់តែ ទូលំទូលាយ ជួយ ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់ រហូតទទួលបាននូវការគាំទ្រយ៉ាង ក្លៀវក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ខ្ញុំសូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិ ទាំងឡាយលើលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី សូមមេត្តាតាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសហការីទាំងអស់ សូមជួបប្រទះតែសេចក្តីសុខចម្រើន អាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និង សូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕