(ព្រៃវែង)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តព្រៃវែងចាប់ផ្ដើមបើកព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងបាន៣ថ្ងៃ គឺចាប់គិតពីថ្ងៃទី១២, ១៣,១៤ ខែមេសាឆ្នាំ២០២៤ មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋមកទស្សនាកម្សាន្តតាមរមណីយដ្ឋាននានា និងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងមានជាង៦០ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រៃវែង ដែលបានប្រាប់ឲ្យដឹងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

នៅរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី រួមជាមួយនឹងលោក សួន សុម៉ាលីន  អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំង អភិបាលរងខេត្ត មន្ត្រីរាជការ បានអញ្ជើញបង្ហោះគោម ដើម្បីអបអរសាទរសង្ក្រាន្តព្រៃវែងឆ្នាំ ២០២៤ ផងដែរ។

ចំណែកសន្តិសុខសណ្តាប់ធ្នាប់វិញពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយកងកម្លាំងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អបសើរ។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមនឹងលោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញបើកព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ២០២៤ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៤ ផងដែរ។

ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ប្រារព្ធឡើងមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបានចូលរួមចំណែកថែរក្សា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដូនតារបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមក មានការតាំងបង្ហាញពិព័រណ៍ពាណិជ្ជកម្ម ល្បែងប្រជាប្រិយគ្រប់ប្រភេទ និងគ្រប់ទម្រង់ សូមអញ្ជើញប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រៃវែង ក៏ដូចជាខេត្តដែលមានព្រំប្រទល់ជាប់គ្នា អញ្ជើញមកចូលរួមលេងកម្សាន្តនៅសង្ក្រាន្តព្រៃវែងឲ្យបានច្រើនកុះករ៕