(ឧត្តរមានជ័យ)៖ លោក សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តមានជ័យ និងលោកស្រី ហេង សំអាន ប៉ែនកុសល្យ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃទី២ នៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានចូលរួមលេងកម្សាន្ដជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍ «សង្ក្រានឧត្តរមានជ័យ» នៅសួនច្បារផ្លូវភ្លោះមុខសាលាខេត្ត។

ព្រឹត្តិការណ៍ «សង្ក្រានឧត្តរមានជ័យ» ដើម្បីអបអរាសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយរៀបចំកិច្ចបវេណីសាសនានានា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីសម័យ បុរាណរាំកម្សាន្ដ រួមជាមួយនឹងការចូលរួមរៀបចំរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក ក្នុងការប្រកុំតន្ត្រីសម័យ ការតាំងលក់ផលិតផលប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងល្បែងកម្សាន្ដកុមារ។

ដោយឡែក រយៈពេល២ថ្ងៃនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានចូលរួមលេងកម្សាន្ដ ក្នុងព្រឹត្តិការណ៍ «សង្ក្រានឧត្តរមានជ័យ» ប្រកបដោយក្តីសប្បាយរីករាយក្រៃលែង ជាមួយនឹងភាពកល់ក្តៅ នៃការធានាបានទាំងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរផងដែរ៕