(កណ្ដាល)៖ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានឲ្យដឹងថា ចាប់ពីម៉ោង៣រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះទៅ រដ្ឋបាលខេត្ត នឹងបាញ់ទឹកជូនពលរដ្ឋរាំលេងកម្សាន្តជាមួយនឹងតន្ដ្រីកន្ត្រាក់អារម្មណ៍នៅបរិវេណសួនច្បារក្រុងតាខ្មៅ។ ការបាញ់ទឹកលេងកម្សាន្តនេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃចាប់ពីម៉ោង៣តទៅ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ ត្រូវនឹងថ្ងៃទី១៣ ខែមេសាម្សិលមិញនេះ ថ្នាក់ដឹកនាំខេត្តកណ្តាល រួមមាន លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកស្រី, លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងលោកស្រី បានអញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រាន្តខេត្តកណ្តាល» ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដោយមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសដ៏អធិកអធម៌ក្នុងពិធីប្រកាស ព្រឹត្តិការណ៍សង្ក្រាន្តនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំបង្ហាញនូវផ្ទាំងទស្សនីយភាព និងទិដ្ឋភាពដង្ហែរក្បួន តាមផែននីមួយៗយ៉ាងសម្បូរបែបផងដែរ។

ថ្លែងក្នុងពិធីនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត បានលើកឡើងពីប្រវត្តិប្រពៃណី ទំនៀមទម្លាប់បុណ្យចូលឆ្នាំថ្មី និងបានបង្ហាញនូវការជឿជាក់របស់ប្រជាជនកម្ពុជា លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ លោកអភិបាលខេត្ត បានបញ្ជាក់ពីតម្លៃសន្តិភាព ដែលបានផ្តល់នូវ ភាពសុខសាន្តដូចសព្វថ្ងៃនេះ ដើម្បីផ្តល់ឲ្យប្រជាជន មានឱកាសដើរកម្សាន្ដគ្រប់ទីកន្លែង ប្រកបដោយសុខសុវត្ថិភាព។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវដល់អាជីវករ ប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលរួមកម្សាន្ដសប្បាយ ក្នុងឱកាសចូលឆ្នាំថ្មីនេះ សូមចូលរួមថែរក្សាបរិស្ថាន អានាម័យទាំងអស់គ្នា ដោយប្រកាន់ខ្ជាប់នៅទិសស្លោក «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាស្អាត និងបដិសណ្ឋារកិច្ចល្អ»

ក្នុងពិធីសម្តែងសិល្បៈ បើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល រដ្ឋបាលខេត្ត បានរៀបចំបង្ហាញនូវផ្ទាំងទស្សនីយភាព តាមផែននីមួយៗ ចំនួន១១ផែន រួមមាន៖

* ផែនទី១ អបអរសាទរសង្ក្រាន្តខេត្តកណ្តាល
* ផែនទី២ ផ្ទាំងទស្សនីយភាពរបាំចម្រុះ
* ផែនទី៣ យីកេរឿងធម្មបាលកុមារ
* ផែនទី៤ ផ្ទាំងទស្សនីយភាពល្បែងទាញព្រ័ត
* ផែនទី៥ ភូមិឃុំ អភិវឌ្ឍន៍
* ផែនទី៦ ការសម្ដែងទូកលឿនលយ
* ផែនទី៧ ផ្ទាំងទស្សនីយភាព ល្ខោនខោល
* ផែនទី៨ ផ្ទាំងទស្សនីយភាព ការរាំចង្វាក់ប្រជាប្រីយ៍
* ផែនទី៩ ផ្ទាំងទស្សនីយភាព ទីងមោងឆ្នាំថ្មី
* ផែនទី១០ ការសម្តែងសៀកសហសម័យ និងល្បុក្កតោ
* ផែនទី១១ ផ្ទាំងទស្សនីយភាព ល្ខោនបាសាក់៕