(ព្រៃវែង)៖ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា៣៥៥នាក់ បានទទួលអំណោយពីក្រុមការងារចុះជួយមូលដ្ឋាន ក្នុងឱកាសដែលបើកកម្មវិធីប្រកួតកីឡាបាល់ទាល់ បាលទះ និងបោះប៊ូ ភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ក្នុងថ្ងៃចូលឆ្នាំទី២។

កម្មវិធីខាងលើប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមវត្តមានលោក សែម ស៉ីណង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំត្រពាំងស្រែ, លោក មាន ថាវរិន្ទ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំត្រពាំងស្រែ, លោក ភឿន ឈុង ទីប្រឹក្សារាជរដ្ឋាភិបាល, លោក ថន បូរ៉ា ប្រធានគណៈកម្មការ, លោក សុវណ្ណ វីរៈ និងលោកអភិបាលរងស្រុក តំណាងលោក កែវ ពិសី និងក្រុមប្រឹក្សាឃុំ មេភូមិផងដែរ។

បន្ទាប់ពីលោក ថន បូរ៉ា ប្រធានគណៈកម្មការរៀបចំកម្មវិធីសង្ក្រាន្ដវត្តត្រពាំងជ្រែ ឡើងធ្វើរបាយការណ៍សា្វគមន៍ជូនអង្គពិធីរួចមក, លោក ភឿន ឈុង បានឲ្យដឹងថា ពិធីចែកអំណោយជូនប្រជាពលរដ្ឋទីទាល់ក្រចាស់ជរា ចំនួន៣៥៥នាក់ខាងលើ ក្នុងឱកាសបើកកម្មវិធីប្រកួតពានរង្វាន់បាល់ទាត់ បាល់ទះ និងបោះប៊ូ ដែលស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងគណៈកម្មការរៀបចំសង្ក្រាន្តវត្តពាំងជ្រែដើម្បីអបអរសាទរឆ្នាំថ្មីផងដែរ។

លោក សែម ស៉ីណង និងលោក ភឿន ឈុង បានថ្លែអំណរគុណដល់សប្បុរសជន និងអាជ្ញាធរដែនដី ដែលចូលរួមចំណែកជួយដល់វិស័យកីឡា ជាពិសេសបានចូលរួមឧបត្ថម្ភថវិកា និងចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងកម្មវិធីនេះ។ អំណោយទាំងនោះក៏មានការចូលរួមពីសប្បុរសជន បានចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាត ទាំង៣៥៥នាក់ ក្នុងនោះក្នុងម្នាក់ៗទទួលបាន សារ៉ុង១ មី៥កញ្ចប់ និងថវិកាចំនួន១០,០០០រៀល។

ឆ្លៀតឱកាសនោះ ប្រធានក្រុមការងារ ក៏បាននាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសារជូនពរក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សូមលំឱនកាយវាចាចិត្តបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន ប្រជាពលរដ្ឋទាំងអស់ និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ៕