(មណ្ឌលគិរី)៖ គ្រួសារក្រីក្រប្តីប្រពន្ធពីរនាក់ ដើរជីកទំពាំងក្នុងព្រៃត្រូវបានសត្វដំរីព្រៃ ជាន់ និងវ័ធ ត្រូវប្រពន្ធបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកណ្តាលព្រៃហើយគ្រាដែលប្តីបានបានរួចជីវិតពីការវាយប្រហារដ៏សាហាវមួយនេះ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បើតាមការរៀបរាបពីឪពុកមាសព បានឲ្យដឹងថា ស្រីដែលស្លាប់ក្នុងហេតការណ៍ខាងលើនោះឈ្មោះ សែម ណាត អាយុ៣៨ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ពួកគេទាំងពីរនាក់ប្តីប្រពន្ធ តែងតែប្រកបរបរដើរជីកទំពាំងលក់ ដើម្បីធ្វើការផ្គត់ផ្គង់ជីវភាព។

មុនពេលកើតហេតុពីរនាក់ប្តី និងប្រពន្ធ បានចេញទៅរកជីកទំពាំងដូចសព្វមួយដង ហើយការចេញទៅរកទំពាំងក្នុងព្រៃមានចម្ងាយពីផ្ទះ រហូតដល់ជិត២០គីឡូម៉ែត្រ ពេលធ្វើដំណើរដល់កន្លែងរកទំពាំងពីរនាក់ប្តី និងប្រពន្ធ ក៏បែកគ្នារករៀងៗខ្លួន ស្រាប់តែប្រពន្ធជួបហេតុការណ៍ដ៏អាក្រក់នេះតែម្តង។

បើតាមការអះអាងអ្នកបានដឹងពីហេតុការណ៍ផ្សេងទៀត បានបញ្ជាក់ថា ដំរីព្រៃមួយក្បាលនេះកាចសាហាវខ្លាំងណាស់ នៅពេលដែលដេញវ័ធ និងជាន់ស្លាប់ស្ដ្រីរងគ្រោះនេះហើយ មនុស្សម្នាទៅដេញសត្វដំរីនេះចេញ ក៏ដំរីនេះមិនព្រមដើរចេញពីសពដែរ។

ករណីនេះ លោក ហេង អ៊ួង អធិការនគរបាលស្រុកកែវសីមា កំពុងបញ្ជា និងដឹកនាំកម្លាំងសមត្ថិច្ចនៅមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋជួយចាត់ចែងដឹកសព ដើម្បីប្រគល់ជូនគ្រួសារសពចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕