(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក.ព. ២៥៦៨ ដោយបានប្រារព្ធធ្វើឡើងនៅសួនច្បារមុខសាលាខេត្តកំពង់ចាម និងមានការចូលរួមជាអធិបតីពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីសន្តិភាព ដើម្បីការអភិវឌ្ឍខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា កាលពីសង្ក្រាន្តឆ្នាំ២០២៣កន្លងទៅ មានប្រជាពលរដ្ឋបានអញ្ជើញមកលេងកម្សាន្ដប្រមាណ១លាននាក់។ ចំណែកឆ្នាំនេះ លោកសង្ឃឹមថានឹងមានប្រជាពលរដ្ឋមកលេងកាន់តែច្រើនថែមទៀត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ទើបយើងមានឱកាសរៀបចំ កម្មវិធីផ្សេងៗ ក៏ដូចជាការរៀបចំកម្មវិធីសង្ក្រាន្តកំពង់ចាម ដែលរដ្ឋបាលខេត្ត បានរៀបចំនៅទីនេះ និងនៅតាមរមណីយដ្ឋាននានា រួមមាន ឆ្នេរខ្សាច់កោះប៉ែន ប្រាសាទនគរបាជ័យ ភ្នំប្រុស-ភ្នំស្រី តំបន់អេកូទេសចរទឹកឆាជាដើម និងតាមរមណីយដ្ឋាននានា តាមបណ្តាក្រុង-ស្រុកទាំង១០ ហើយជាមួយគ្នានេះ ក៏មាននៅតាមទីវត្តអារាមទូទាំងខេត្តកំពង់ចាមផងដែរ។

ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ ពិសេសយុវជនដែលមានបំណងមកចូលរួមលេងសប្បាយរីករាយ ក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ពិសេសក្នុងឱកាសប្រជាពលរដ្ឋ ដែលរស់នៅទីជិតទីឆ្ងាយ មានឱកាសវិលត្រឡប់មកកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារមិត្តភ័ក្ត ចូលរួមអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរយើង។

លោកអភិបាលខេត្ត បានយកឱកាសនោះ ផ្តាំផ្ញើលើកិច្ចការ៤ចំណុច ដល់ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួមលេងសប្បាយ នៃសង្ក្រាន្តកំពង់ចាម នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ៖

*ទី១៖ សូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួម មកកម្សាន្ដសប្បាយឲ្យបានច្រើនកុះករ នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម
*ទី២៖ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច រក្សាឲ្យបាននូវសន្តិសុខ សម្រាប់ធ្នាប់ឲ្យបានល្អ នៅតាមទីកន្លែងដែលខ្លួនបានទៅកម្សាន្ដសប្បាយ ជាពិសេសត្រូវរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរ និងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង។
*ទី៣៖ សូមស្នើឲ្យបងប្អូនភ្ញៀវទេសចរទាំងអស់ រក្សាអនាម័យឲ្យបានល្អ នៅតាមទីកន្លែងរមណីយដ្ឋាននានា ដើម្បីបន្សល់ទុកនូវសោភ័ណភាព ដែលគណៈកម្មការបានរៀបចំជូន
*ទី៤៖ សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមបន្តពង្រឹងលើការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមទីរមណីយដ្ឋាន ឲ្យបានល្អប្រសើរ ដើម្បីបម្រើសេចក្តីត្រូវការ និងអ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋមកកម្សាន្ដសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលកំពុងប្រព្រឹត្តទៅនេះ៕