(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយលោក លោកស្រី ជាអភិបាលរង និងមន្រ្តីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំការលេងល្បែង ប្រពៃណីកម្សាន្តសប្បាយ ជាមួយប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នៅរមណីយដ្ឋានវត្តភ្នំ។

ព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានរៀបចំកន្លែងលេងល្បែងប្រជាប្រិយ និងដាក់រូបសត្វនាគ ធ្វើពីឫស្សីតំណាងឲ្យរោង និងមានកន្លែងតាំងពិព័រណ៍ផងដែរ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានអញ្ជើញទស្សនាតាមទីតាំងស្តង់ទំនិញជាច្រើន រួមមាន របាំត្រុដ ការពូនភ្នំខ្សាច់ ទាញព្រ័ត្រ និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានកម្មវិធីកម្សាន្តជាច្រើន នឹងត្រូវរៀបចំឡើងក្នុងព្រឹត្តិការណ៍នេះ ដែលមានដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ដណ្ដើមស្លឹកឈើ និងល្បែងប្រជាប្រិយផ្សេងៗទៀត។ ក្រៅពីនេះ ក៏មានរៀបចំកម្មវិធីវប្បធម៌ ប្រពៃណី ដែរ ដូចជាពិធីគោរពទីទួលដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្រ្តីបុរាណ-សម័យ និងការរាំកម្សាន្ត។

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំ «សង្ក្រាន្ដវត្តភ្នំ» រួមទាំងមានការតុបតែងលំអរជុំវិញរមណីដ្ឋានវត្តភ្នំ, តាមដងវិថី, មហាវិថី និងកន្លែងសប្បាយភាពនានា រួមទាំងការបង្កើតឲ្យមានការលេងល្បែងរបាំប្រជាប្រិយ៍ខ្មែរ ច្រើនទម្រង់ ការប្រគុំតន្រ្តី រួមទាំងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានយ៉ាងល្អ ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាំ ដើម្បីរួមចំណែកលើកស្ទួយប្រពៃណីវប្បធ៏មជាតិដ៏ល្អផូរផង់, ការទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកម្សាន្ដនៅរាជធានីភ្នំពេញ។

ពិធីខាងលើនេះ ក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាព រវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹកឡើងវិញនូវសមិទ្ធិផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយប្រជាពលរដ្ឋបានកសាងឡើង ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងទីក្រុង ទាំងសេវាសាធារណៈ, ការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់, ការលើកកំពស់សោភណ្ឌភាពបរិស្ថានរាជធានីភ្នំពេញផងដែរ។

ទន្ទឹមនឹងការរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយមានទាញព្រ័ត្រ, លោតបាវ, ចោលឈូង, បោះអង្គុញ, លាក់កន្សែង និងរាំលេងកំសាន្ត នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក៏មានការរៀបចំជាស្តង់លក់ទំនិញ វត្ថុអនុស្សាវរីយ៍ជាខ្មែរ ជាអាហារហូបចុកជាច្រើនមុខថែមទៀត។

ជាមួយគ្នានោះ លោក ឃួង ស្រេង បានលើកឡើងថា ប្រជាពលរដ្ឋបានសប្បាយរីករាយ គឺដោយសារយើងមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់របស់ស្ថាបនិកសន្តិភាព គឺសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងដឹកនាំបន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាណត្តិទី៧ នៃរដ្ឋសភា ដែលបានធ្វើអោយកម្ពុជាបោះជំហ៊ានទៅមុខលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិ៕