(ពោធិ៍សាត់)៖ ដើម្បីអបអរសាទរ ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស ២០២៤ ដែលនឹងឈានចូលមកដល់នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តិការណ៍ «មហាសង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» នៅលើបុរីវប្បធម៌កោះសំពៅមាស ទល់មុខសាលាខេត្តពោធិ៍សាត់ រយៈពេល០៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤។

ពិធីបើកដំណើរព្រឹត្តការណ៍សង្ក្រាន្ត ត្រូវបានធ្វើឡើង នាល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្តមាន លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ ក្រុមយុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ខូយ រីដា បានថ្លែងថា ថ្ងៃនេះលោកពិតជាមានសេចក្តីសោមនស្សរីករាយបំផុត ដោយបានចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ គ.ស ២០២៤ ដែល បានរៀបចំឡើង ដោយរដ្ឋបាលខេត្តពោធិ៍សាត់ នាឱកាសដ៏ថ្លៃថ្លានេះ។ លោកសូមទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោក លោកស្រី វិស័យឯកជន អាជីវករ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្មួយៗយុវជន យុវនារីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចូលរួមអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។ យើងទាំងអស់គ្នាបានដឹងហើយថា បុណ្យចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីមួយ ដែលយើងតែងតែ ប្រារព្ធឡើង ចាប់ពីថ្ងៃទី១៣ ឬ១៤មេសា ជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីមហាជនទូទៅ មិនថាអ្នកដែលកាន់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឬជាតិសាសន៍ណាឡើយ។

លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងទីវត្តអារាម ព្រមទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលបានរៀបចំពិធីសង្ក្រាន្តអបអរសាទរឆ្នាំថ្មីនេះ ដោយ បង្កបរិយាកាសសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋរបស់យើង ឱ្យចូលរួមលេងល្បែងប្រជាប្រិយ កម្សាន្តសប្បាយផ្សេងៗ ដើម្បីរក្សាប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង នៅក្នុងយុគសម័យសន្តិភាព និងបច្ចេកវិទ្យាឌីជីថល។ លោក ខូយ រីដា សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះ លោក ស៊ុយ សែម តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត បញ្ញា ស្មារតី ព្រមទាំងធនធានជាច្រើន សម្រាប់អភិវឌ្ឍខេត្តពោធិ៍សាត់ រយៈពេលកន្លង។

ជាមួយគ្នានោះ លោកក៏សូមថ្លែងអំណរគុណ ដល់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ដែលបានខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីទាក់ទាញវិនិយោគទុន ក្នុងនិងក្រៅប្រទេសជាច្រើន មកជួយអភិវឌ្ឍខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសជួយដល់ប្អូនៗ និយោជិត កម្មករ កម្មការិនីរបស់យើង មានការងារធ្វើ ហើយនៅជិតផ្ទះថែមទៀត។ លោក ខូយ រីដា សូមឱ្យកងកម្លាំងប្រដាប់អាវុធទាំង៣ រួមទាំងប្រជាការពារ ត្រូវយកចិត្តទុកដាក់ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនយើង ក្នុងអំឡុងពេលចូលឆ្នាំនេះ និងបន្តទៅពេលខាងមុខទៀត ឱ្យបានល្អ ដើម្បីរក្សាបានសេចក្តីសុខរបស់ប្រជាពលរដ្ឋយើង។

លោកអភិបាលខេត្តពោធិ៍សាត់ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល សូមទទួលបាននូវ សេចក្តីសុខចម្រើនគ្រប់ៗគ្នា និងសូមឱ្យជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាស បើកសង្ក្រាន្តពោធិ៍សាត់ នៅលើបុរីវប្បធម៌កោះសំពៅមាស និងទូទាំងខេត្ត ពោធិ៍សាត់ ចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ «មហាសង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ក្នុងរយៈពេល៤ថ្ងៃនេះ មានការរៀបចំតុបតែងលម្អភ្លើងលម្អចម្រុះពណ៌ ការសម្តែងរបាំត្រុដិ ការសម្តែងរបាំគោះអង្រែ ការសម្តែងរបាំបេះក្រវាញ... ការលេងល្បែងប្រជាប្រិយខ្មែរ កម្មវិធីដុតកាំជ្រួច កម្មវិធីរាំកម្សាន្ត ការប្រគុំតន្ត្រីខ្នាតយក្ខ ខ្នាតមធ្យម ដើម្បីបង្ហាញ និងផ្សព្វផ្សាយពីទំនៀមទម្លាប់ ប្រពៃណី សិល្បៈ វប្បធម៌ និងកិត្យានុភាពនៃជាតិខ្មែរ នៅក្នុងយុគសម័យសន្តិភាព និងបច្ចេកវិទ្យាឌីជីថល ដ៏រុងរឿងនៃយើង៕