(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ មានករណីទឹកកខ្វក់ហូរចូលសមុទ្រ នៅចំណុចក្បែរបន្ទប់ទឹកសាធារណៈលេខ១ ស្ថិតនៅ ឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កន្លងមករដ្ឋបាលខេត្ត បានសាងសង់ទំនប់បង្ហូរនៅចំណុចអូរស្ដេចមឹក ដើម្បីចាប់យកទឹក កខ្វក់ បញ្ជូនទៅអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ធ្វើការចម្រុះសម្អាតមុនបង្ហូរចូលសមុទ្រ និងមានប្រព័ន្ធលូមួយខ្សែទៀក បំបែកចេញពីទំនប់បង្ហូរនេះ ប្រើសម្រាប់ចាប់យកទឹកភ្លៀង (Over Flow) នៅរដូវវស្សា ទំលាក់ចូលទៅក្នុងសមុទ ដើម្បីកាត់បន្ថយបន្ទុកអាំងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣។

សូមបញ្ជាក់ថា ទឹកមិនទាន់ឡើងដល់ទំនប់បង្ហូរនៅឡើយទេ ប៉ុន្ត មានទឹកកខ្វក់នៅបាតលូរួចជាស្រេចហើយ ដែលយើងមិនទាន់រកឃើញមូលហេតុឲ្យពិតប្រាកដ។ ចំពោះករណីខាងលើនេះ រដ្ឋបាលខេត្ត បានចាក់មន្ត្រីជំនាញចុះស្រាវជ្រាវរកមូលហេតុឲ្យបានជាក់លាក់ ដើម្បីរកវិធីដោះស្រាយឲ្យមានប្រសិទ្ធភាព។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានសាងសង់ និងដាក់ឲ្យដំណើរការស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន០៣ទីតាំង នៅក្នុងក្រុងព្រះសីហនុ ក្នុងនោះ ស្ថានីយ៍ ទី១ មានសមត្ថភាពប្រព្រឹត្តិកម្ម ៥.២០០ម៣/ថ្ងៃ ស្ថានីយ៍ទី២ មានសមត្ថភាពប្រព្រឹត្តិកម្ម ៧.២០០ម៣/ថ្ងៃ និងស្ថានីយ៍ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្ម ២០.០០០ម៣/ថ្ងៃ។

ក្រៅពីស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ទីតាំង នៅក្រុងព្រះសីហនុ គឺនៅមានស្ថានីយ៍បូមទឹកកខ្វក់ចំនួន៧ ទីតាំងផ្សេងទៀត ក្នុងនោះ០៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង០៣ទីតាំងទៀតស្ថាបនា ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយ៍ ច្រោះ សម្អាតទឹកកខ្វក់ក្រុងព្រះសីហនុ។

បើទោះបីជាក្រុងព្រះសីហនុ មានស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន០៣ទីតាំង និងស្ថានីយ៍បូមទឹកកខ្វក់ចំនួន០៧ ទីតាំងហើយក្ដី ក៏នៅតែមិនទាន់សមមាត្រទៅនឹងតម្រូវការបញ្ចេញទឹកកខ្វក់ប្រចាំថ្ងៃនៅឡើយទេ។

ទន្ទឹមនេះ រាជរដ្ឋាភិ បាលកម្ពុជា ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធ រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ បាន និងកំពុងសិក្សាលទ្ធភាព ក្នុងការ សាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បន្ថែម និងធ្វើការវេចខ្ចប់ទឹកកខ្វក់ទាំងអស់បញ្ចូនទៅក្នុងស្ថានីយ៍ប្រព្រឹត្តិកម្មទឹក កខ្វក់ ដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឲ្យក្លាយជាទឹកដែលស្អាត ស្របតាមស្ដង់ដារបរិស្ថានមុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ៕