(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី គីម រិទ្ធី ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អាជ្ញាធរក្រុងព្រះវិហារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង (ស.ស.យ.ក) នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ បានចូលរួមដង្ហែ និងបើកសង្ក្រាន្ត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក គីម រិទ្ធី បានថ្លែងថា ការជួបជុំអបអរសាទរសង្ក្រានឆ្នាំថ្មីនេះ គឺស្ថិតក្រោមម្លប់សន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រទេសជាតិ ក្នុងការប្រតិបត្តិមាគ៌ាប្រពៃ និងមរតកនយោបាយថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ។ ការជួបជុំគ្នាក្នុងពិធីបើកសង្ក្រាន្តនាពេលនេះ ពិតជាបញ្ជាក់ឱ្យឃើញថា ទាំងអស់គ្នារស់ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកអភិបាលខេត្តព្រះវិហារថ្លែងបញ្ជាក់ទៀតថា ក្នុងពិធីបើកសង្ក្រានឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ មានរៀបចំពិធីដង្ហែបង្ហាញនូវរបស់៤ប្រភេទ ដែលជានិមិត្តរូប និងជាអត្តសញ្ញាណសម្រាប់ខេត្តព្រះវិហារយើង ក៏ដូចជាសង្គមជាតិទាំងមូល ដែលក្នុងនោះរួមមាន៖

* រូបតំណាងសត្វនាគរាជ ដែលមានកម្ពស់ជាង២ម៉ែត្រ ជាសត្វតំណាងឱ្យឆ្នាំរោង ជាឆ្នាំទី៥ ក្នុងចំណោមឆ្នាំទាំង១២ ដែលតំណាងឱ្យភាពអង់អាចក្លាហាន ឫទ្ធីអំណាចខ្លាំងក្លា និងមានចិត្តសណ្តោសប្រណីដល់មនុស្សទាំងពួង។
* រូបខែលយក្ស ដែលមានទំហំប្រវែង៥ម៉ែត្រ ជាតំណាងឱ្យឧបករណ៍ការពារ អាវុធសម្រាប់ប្រើប្រាស់ក្នុងចម្បាំងសង្គ្រាម នៅក្នុងសម័យបុរាណ ហើយប្រវត្តិនៃសិល្បៈវាយខែលនេះ ជាផ្នែកមួយសិល្បៈ ដែលជនជាតិដើមគួយតែងតែសំដែងនៅក្នុងពិធីបុណ្យទានផ្សេងៗ ហើយវាមានប្រភពមកពីស្រុកឆែប ខេត្តព្រះវិហាររបស់យើង។
* អង្រុតយក្ស ដែលមានទំហំកម្ពស់ប្រវែងប្រមាណ៥ម៉ែត្រ ហើយឧបករណ៍នេះសម្រាប់ប្រើប្រាស់នេសាទត្រីមួយប្រភេទ ក្នុងចំណោមឧបករណ៍នេសាទជាច្រើនប្រភេទ ដែលបងប្អូនខ្មែរយើងជំនាន់មុន បានរក្សាទុកជាកេរតំណែលទុកឱ្យជំនាន់ក្រោយៗ។
* សត្វត្រយ៉ងយក្ស ដែលសត្វនេះជាប្រភេទសត្វស្លាបមានរូបរាងស្រស់ស្អាត ជាសត្វកម្រជិតផុតពូជ ជានិមិត្តរូបតំណាងជាតិខ្មែរ ហើយសម្រាប់ខេត្តព្រះវិហារយើង សត្វនេះមានរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិតែងទៅទស្សនា។

លោក គីម រិទ្ធី ក៏បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង លោកគ្រូអ្នកគ្រូ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស និងយុវជនទាំងអស់ ដែលបានផ្តួចផ្តើមនិងរួបរួមសាមគ្គីគ្នា ខិតខំរៀបចំតុបតែងលម្អសោភ័ណភាពនៅតាមទីសាធារណៈ និងទីកន្លែងសំខាន់នានា ជាពិសេសគឺការរៀបចំពិធីបើកសង្ក្រាននេះ ដែលរៀបចំបានយ៉ាងល្អ ផ្តល់នូវភាពសប្បាយរីករាយ។

លោកក៏បានណែនាំដល់យុវជន និងប្រជាពលរដ្ឋ ត្រូវនាំគ្នាលេងល្បែងប្រជាប្រិយដូចជា បោះអង្គុញ ទាញព្រ័ត្រ ចោលឈូង លាក់កន្សែងជាដើម ព្រមទាំងលើកទឹកចិត្តចូលរួមរាំលេងកម្សាន្តចង្វាក់ប្រពៃណី ដូចជា សារ៉ាវ៉ាន់ រាំវង់ រាំក្បាច់ បទប្រពៃណីខ្មែរឱ្យច្រើន។ លោកស្នើឲ្យប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរ កុំជិះម៉ូតូហួសល្បឿន ជែង ឫវ៉ាគ្នាដែលបង្កឱ្យមានគ្រោះថ្នាក់ ចៀសវាងការលេងល្បែងស៉ីសង លេងប៉ាតម្សៅ បាញ់ទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ៕