(ភ្នំពេញ)៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាទៅលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ក្នុងកម្មវិធី «សង្ក្រាន្ដវត្តភ្នំ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤នេះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃទី១៣ ខែមេសានេះដែលត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់មជ្ឈដ្ឋានបានមកលេងកម្សាន្ដយ៉ាងសប្បាយរីករាយ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ដែលបានរៀបចំ «សង្ក្រាន្ដវត្តភ្នំ»

លោក ចាប ឌីណា បានគូសបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ កម្លាំងសមត្ថកិច្ចចម្រុះក៏ត្រូវបានដាក់ពង្រាយ នៅតំបន់នេះដូចគ្នាដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅធានាឲ្យកម្មវិធីសប្បាយនេះ បានប្រព្រឹត្តទៅដោយរលូន។

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ «សង្ក្រាន្ដវត្ដភ្នំ» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

ក្នុងនោះ នឹងមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។

ដើម្បីឲ្យការរៀបចំកម្មវិធីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការ កកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំចំណតយានយន្តសម្រាប់អ្នកចូលរួមកម្មវិធីសង្ក្រាន្តវត្តភ្នំ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕