(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសង្ក្រាន្តឆ្នាំថ្មីរបស់រដ្ឋបាលស្រុកកំពង់ស្វាយ នៅវត្តពាមមេត្រី ស្ថិតនៅភូមិពាមមេត្រី ឃុំត្បែង ស្រុកកំពង់ស្វាយ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំង៣របស់ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោស្រី ឃួន ឃុនឌី បាននាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ កូនៗ ចៅៗ សិស្សានុសិស្ស ក្មួយៗយុជន លោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋសប្បាយរីករាយក្រោមតំបូលសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស.២០២៤ ចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ដែលនឹងជិតឈានចូលមកដល់នៅរាត្រីនេះ។

លោកស្រីបន្តថា គោលបំណងប្រមូលផ្តុំយុវជនដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយធ្វើឲ្យរស់រវើកឡើង នៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។

ទន្ទឹមនេះ គឺដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជនកូនចៅខ្មែរជំនាន់ក្រោយ ឲ្យមានមោទកភាពស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរផងដែរ។

ជាមួយគ្នានេះ លោកស្រី ឃួន ឃុនឌី បានផ្ដាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នភ្លើងទាន ធូប និងហានីភ័យផ្សេងៗ ដែលកើតឡើងជាយថាហេតុចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឆ្ងាយពីគ្រឿងញៀន៕