(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដាក់ពង្រាយកម្លាំងផែនការពារសន្តិសុខប្រមាណ ៩០០នាក់ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០២៤ទូទាំងខេត្តឧត្តរមានជ័យ

កម្លាំងសមត្ថកិច្ចរបស់ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានត្រៀមខ្លួនរួចជាស្រេច រួមទាំងមធ្យោបាយ និងសម្ភារ បម្រើលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរាជាតិ ដែលទៅកម្សាន្តសប្បាយរីករាយនៅក្នុងភូមិសាស្ត្រទូទាំងខេត្ត។

កម្លាំងប្រមាណជាង ៩០០នាក់ ដែលបំពាក់ទៅដោយឧបករណ៍ សម្ភារដែលបម្រើឱ្យកិច្ចការពារសន្តិសុខ ក្នុងនោះមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ ប្រើប្រាស់កម្លាំងប្រចាំបញ្ជា កម្លាំងការពារគោលដៅទីតាំងសប្បាយភាព វត្តអារាម ទីផ្សារតូចធំ រមណីដ្ឋានផ្សេងៗ និងប្រើប្រាស់កម្លាំងរក្សាសន្តិសុខសម្រួលដោះស្រាយចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្ត៕