(ភ្នំពេញ)៖ ជនមិនស្គាល់អត្តសញ្ញាណមួយក្រុមគ្នាប្រមាណ១០នាក់ ជិះម៉ូតូ៧គ្រឿង បានប្រមូលផ្ដុំគ្នាគប់កញ្ចក់រថយន្ដអ្នកដំណើរយ៉ាងអនាធិបតេយ្យ នៅតាមផ្លូវបេតុងស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានកើឡើងនៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

ហេតុការណ៍គប់កញ្ចក់រថយន្ដនេះ បណ្ដាលឲ្យត្រូវរថយន្ដអ្នកដំណើរចំនួន៣គ្រឿង និងមានជនរងគ្រោះចំនួន៣នាក់ ទី១៖ឈ្មោះ គង់ វុទ្ធី អាយុ៤៣ឆ្នាំ មុខរបរមន្ត្រីរាជការ ទីលំនៅបច្ចុប្បន្នសង្កាត់វាលវង់ ខណ្ឌ៧មករា, ទី២៖ឈ្មោះ ចន្ថា សុថន អាយុ៣៧ឆ្នាំ មុខរបរនគរបាល ទីលំនៅបច្ចុប្បន្នភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងទី៣៖ឈ្មោះ ង៉ាន់ សូលីដា ភេទស្រី រងរបួសធ្ងន់ដេរ៣០ថ្នេរ ត្រូវជាប្រពន្ធ លោក គង់ វុទ្ធី។

ក្នុងនោះបណ្ដាលឲ្យខូចខាត រថយន្តម៉ាក MAZDA ពណ៌ខ្មៅ ពាក់ផ្លាកលេខ រដ្ឋ10-2383 បែកកញ្ចក់ខាងមុខ ជារថយន្ត របស់ឈ្មោះ គង់ វុទ្ធី និងរថយន្តម៉ាក FORD RANGER WILDTRACK ពណ៌ស ពាក់ផ្លាកលេខកម្ពុជា BCHEA88 បែកកញ្ចក់ខាងមុខជារថយន្តរបស់ឈ្មោះ ចន្ថា សុថន។

តាមការបំភ្លឺរបស់ឈ្មោះ គង់ វុទ្ធី និងឈ្មោះ ចន្ថា សុថន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ ពួកគាត់បានជិះរថយន្ត តាមបណ្ដោយផ្លូវ ឈ្នះឈ្នះរួចហេីយបត់ទៅឆ្វេង តាមបណ្ដោយផ្លូវបេតុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្នុងទិសដៅពីកេីតទៅលិច។

ក្រោយមកស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នាប្រមាណ១០នាក់ ជិះម៉ូតូ ប្រហែល៧គ្រឿង មាន ម៉ាកហុងដាឌ្រីម៤គ្រឿង ម៉ាកនិច៣គ្រឿង (មេីលតាមកាមេរ៉ាសុវត្ថិភាព) បានធ្វើដំណើរបញ្ច្រាសទិសគ្នា បានយកដុំថ្មគប់ទៅលើរថយន្តរបស់ឈ្មោះ គង់ វុទ្ធី ត្រូវចំកញ្ចក់រថយន្តពីមុខ បណ្ដោលឲ្យបែកធ្លាយកញ្ចក់រថយន្តបណ្ដាលឲ្យត្រូវចំមុខរបស់ឈ្មោះ ងាន់ សូលីដា បែករងរបួសធ្ងន់។ បន្ទាប់មកពួកគេបានយកដុំថ្មទៅគប់រថយន្ត ម៉ាក FORD RANGER WILDTRACK បណ្ដោលឲ្យបែកកញ្ចក់ខាងមុខតែគ្មានអ្នករងរបួស។ ក្រោយពេលកេីតហេតុ ក្រុមជនសង្ស័យបាននាំគ្នា ជិះម៉ូតូគេចទៅបាត់អស់ទៅ៕