(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី និងលោក ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាធិបតីក្នុងពិធីក្រុងពាលីព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ក្នុងបរិវេណវិទ្យាល័យកំពង់ធំ ក្រុងស្ទឹងសែន ចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ក្នុងការបួងសួងសុំសេចក្តីសុខត្រូវបានរៀបចំប្រាព្ធឡើងតាមបែបព្រហ្មញ្ញសាសនា តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿ និងសង្គម។

ពិធីបួងសួងក៏ដូចជាពិធីក្រុងពាលី ស្ថិតក្នុងជំនឿតាមបែបព្រលឹងដែល ប្រជាជនខ្មែរ មានជំនឿជឿថានៅលើលោកនេះអ្នកខ្លាំងពូកែដែលបានចែកស្ថានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកូនចៅ ដែលប្រព្រឹត្តិអំពើល្អ និងមានមនសិការស្នេហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ។

ការប្រារព្ធពិធីនេះ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿ នៃជាតិសាសន៍របស់ខ្លួន តាំងតែពីសម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរ ដែលជាសម័យកាល នៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មញ្ញសាសនា និងការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា។

ក្នុងពិធីក្រុងពលីបានធ្វើការបួងសួងបារមីដ៏ស័ក្តសិទ្ធ ដែលគ្រប់គ្រងថែរក្សាឋានកៃឡាស់ មានព្រះមាតាមេឃាពពកស ព្រះធរណី ព្រះគង្គា និងបារមីព្រះមហាក្សត្រ គ្រប់ជំនាន់នៃប្រទេសកម្ពុជា និងបារមីអរុក្ខអរ័ក្សអ្នកថែរក្សាទឹកដីដ៏ពិសិដ្ឋនេះ៕