(ហ្គាហ្សា)៖ បណ្តាប្រទេសសហភាពអឺរ៉ុប នៅថ្ងៃសុក្រសប្តាហ៍នេះ បានដាក់ស្លាបយោធា និងកងកម្លាំងពិសេសនៃក្រុមហាម៉ាស់ និងស្លាបប្រដាប់អាវុធ នៃក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ទៅក្នុងបញ្ជីទណ្ឌកម្មសិទ្ធិមនុស្សរបស់ប្លុកនេះ សម្រាប់ការទទួលខុសត្រូវរបស់ពួកគេចំពោះអំពើហិង្សាផ្លូវភេទ និងយេនឌ័រដែលកើតឡើង អំឡុងពេលវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលាលើអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

បណ្តាប្រទេសសហភាពអឺរ៉ុបបាននិយាយថា កងពលតូច Qassam និង Al-Quds និងកងកម្លាំង Nukhba ឥឡូវនេះ ត្រូវបានទទួលរងនូវការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប។ ការផ្តល់មូលនិធិដល់ពួកគេដោយផ្ទាល់ ឬដោយប្រយោល ក៏ត្រូវបានហាមឃាត់ផងដែរ។

គួរជម្រាបថា ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម ត្រូវបានសហភាពអឺរ៉ុប ចាត់ទុកជាអង្គការភេរវកម្មរួចមកហើយកាលពីពេលកន្លងទៅ៕