(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បាននាំថវិកាចំនួន២លានរៀល និងគ្រឿងឧបភោគ ជូនលោក ហុក រ៉េន ចាងហ្វាងវេបសាយសារព័ត៌មានដើមត្នោត នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីជួយសម្រួលបន្ទុកជីវភាព ដែលលោកសព្វថ្ងៃកំពុងជួបការលំបាកដោយសារមានជំងឺផ្នែកខួរក្បាលដែលត្រូវវះកាត់ និងក៏ត្រូវបានកាត់ជើងម្ខាងរួចហើយទៀត ។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធសារព័ត៌មានថ្លែងថា នេះជាការយកចិត្តទុកដាក់របស់យើង​ចំពោះគ្រួសារអ្នកសារព័ត៌មាន​ដោយមិនមានការរើសអើង​។ ការជួយរបស់ ស.ស.ស.ក គ្មានចង់បានអ្វីក្រៅពីចូលរួមចំណែក​ក្នុងផ្នែកណាមួយដោយសមាណចិត្ត​ជាមនុស្សធម៌ ដើម្បីជាការលើកទឹកចិត្ត​ដល់អ្នកសារព័ត៌មានទាំងឡាយ ដើម្បីអាចបន្តការងារតាមឧត្តម​គតិនិងវិជ្ជាជីវៈ​ដើម្បីផលប្រយោជន៍ជាតិ ។

លោក ហុក រ៉េន រួមទាំងគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និង សមាជិក-សមាជិកា ស.ស.ស.ក ដែលបានយកចិត្តទុកដាក់ចំពោះលោក ។ លោកចាត់ទុកថា នេះជាការជួយផ្នែកទឹកចិត្ត​និងសមាណចិត្តធំធេង មិនអាចកាត់ថ្លៃបាន ។

ស.ស.ស.ក ដែលបង្កើតឡើងចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ គឺបានធ្វើសកម្មភាពយ៉ាងផុសផុលក្នុង​ការជួយគាំពារដល់​អ្នកសារព័ត៌មាន​ដែលជួបការលំបាក​ដោយមិនរើសអើង ។ នេះ​ជាលើកទី៧ហើយ ដែល ស.ស.ស.ក បាននាំថវិកាជួយដល់អ្នកសារព័ត៌មាន ៕