(ព្រះវិហារ)៖ រថយន្តមួយគ្រឿង ត្រូវបានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ធ្វើការប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីជាមធ្យោបាយសម្រាប់ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ អន្តរាគមន៍ដោះស្រាយវិវាទនានា និងផ្ដល់សេវាឆាប់រហ័សជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ការប្រគល់រថយន្តមួយគ្រឿងជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នាពេលនេះ ធ្វើឡើងក្នុងឱកាសដែលលោកនាំក្រុមការងារ ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយជាថវិកា សម្ភារ ចែកជូននាយ និងពលអាវុធហត្ថ ក៏ដូចជាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស២៥៦៧។

ឆ្លៀតក្នុងឱកាសនេះ លោក គីម រិទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នៅក្នុងឱកាសនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង និងសូមជូនពរឆ្នាំថ្មី សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់អស់លោក លោកស្រី កងកម្លាំងនៃកងរាជអាវុធហត្ថខេត្តទាំងអស់ សូមទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយ និងពលអាវុធហត្ថខេត្តទាំងអស់ ដែលបានខិតខំបំពេញតួនាទី ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការពារបុរណភាពទឹកដី អធិបតេយ្យជាតិ និងចូលរួមក្នុងការងារសង្គ្រោះគ្រោះមហន្តរាយ និងការអភិវឌ្ឍនៅមូលដ្ឋាន សម្រេចបាននូវលទ្ធផលជោគជ័យជាទីមោទនៈ ដែលជាគុណប្រយោជន៍សម្រាប់ជាតិ មាតុភូមិ និងប្រជាជន។

លោក គីម រិទ្ធី បានថ្លែងទៀតថា ការជួបជុំអបអរសាទរសង្ក្រានឆ្នាំថ្មី គឺស្ថិតក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តដឹកនាំប្រទេស ក្នុងការប្រតិបត្តិមាគ៌ាដ៏ប្រពៃ និងមរតកនយោបាយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាបិតាសន្តិភាពកម្ពុជា ដែលបានដាក់ចេញចក្ខុវិស័យកំណែទម្រង់សុីជម្រៅ កម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឱ្យមានការរីកចម្រើន សម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកអភិបាលខេត្តព្រះវិហារ ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖

* ពង្រឹងការគោរពវិន័យ អនុវត្តន៍ តួនាទី ភារកិច្ច និងរបៀបរបបការងារឱ្យបានស្របតាមច្បាប់ ល័ក្ខន្តិកៈដោយឡែក នៃកងកម្លាំងប្រដាប់អាវុធ ប្រកាន់កោលជំហរសាមគ្គីភាព គោរពបទបញ្ជារតាមឋានានុក្រម។

* យកចិត្តទុកដាក់ផ្សព្វផ្សាយ និងបំផុសស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការដុតទៀន ធូប ភ្លើងចង្ក្រាន ភ្លើងអគ្គិសនី និងគ្រឿងឆេះផ្សេងៗ ដែលអាចបង្កជាអគ្គីភ័យ។

* ចូលរួមផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋឱ្យរៀបចំតុបតែងលម្អតាមគេហដ្ឋាន ដាក់ភ្លើងបំភ្លឺ រៀបចំទង់ជាតិ ពាក្យស្លោក និងរៀបចំតុបតែងសោភ័ណភាពនានា រៀបចំត្រៀមគ្រឿងសក្ការៈបូជានានា សម្រាប់ត្រៀមទទួលទេវតាឆ្នាំថ្មី។

* សហការជាមួយភាគីពាក់ព័ន្ធពង្រឹងវិធានការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រួលចរាចរណ៍ត្រៀមកម្លាំងអន្តរាគមន៍ករណីមានអគ្គីភ័យ គ្រោះថ្នាក់ផ្សេងៗ ឫបាតុភាពអសន្តិសុខណាមួយ បង្កលក្ខណៈល្អប្រសើរ ជូនភ្ញៀវទេសចរណ៍នានា ធ្វើដំណើរកំសាន្ត ចូលរួមគោរពច្បាប់ចរាចរណ៍ ចូលរួមលើកស្ទួយវប្បធម៍ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង៕