(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់មនុស្សចំនួន៥នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ចំណែក៩នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដោយករណីក្រឡាប់គោយន្តកន្ត្រៃយ៍ ពេលបើកបរចុះផ្លូវចំណោត ពីច្រកព្រំដែនជប់គគីរ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ចំណុចផ្លូវកោងតារើន ក្នុងភូមិជប់គគីរខាងកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ទោ សំ សាត អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានថ្លែងប្រាប់ឱ្យដឹងនារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះថា មុនពេលកើតហេតុគោយន្តកន្ត្រៃយ៍ខាងលើ មានផ្ទុកមនុស្សចំនួន១៤នាក់ បើកបរឡើងភ្នំជប់គគីរទៅច្រកព្រំដែន ដើម្បីចូលផ្សារថៃទិញទំនិញ លុះទិញរួចក៏បើកត្រឡប់មកវិញ ប៉ុន្តែដោយសារផ្លូវចុះចំណោត ហើយគោយន្តបើកលឿនទៀតនោះ មកដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ក៏បានក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសរណូករណែល។

លោកអធិការរងបញ្ជាក់ទៀតថា ក្រោយហេតុការកើតឡើង សមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើត ដើម្បីជួយសង្រ្គោះអ្នករងរបួសបញ្ជូនមកមន្ទីរពេទ្យ ចំណែកអ្នកស្លាប់ត្រូវបានសែងមកដាក់លើផ្លូវ ដើម្បីទាក់ទងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ លោកបញ្ជាក់ថា ករណីនេះស្លាប់មនុស្ស៥នាក់ ស្រីទាំងអស់ និងរបួសធ្ងន់៧នាក់ របួសស្រាល២នាក់ផងដែរ។

លោកវរសេនីយ៍ទោ សំ សាត ថ្លែងប្រាប់ទៀតថា ចំពោះអ្នកស្លាប់ទាំង៥នាក់ និងអ្នករបួសចំនួន៩នាក់ទៀត ជាប្រជាពលរដ្ឋរស់នៅភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕