(ភ្នំពេញ)៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ តាំងនាមឱ្យស្ថានទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្ដែងគារវកិច្ចដោយស្មោះ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិរន្តរ៍ ដល់ជនរួមជាតិកម្ពុជាគ្រប់មជ្ឈដ្ឋាន។

តាមរយៈសារលិខិតនេះ លោកបានលើកឡើងទាំងស្រុងដូច្នេះថា៖

«ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ តាំងនាមឱ្យស្ថានទូតចិនប្រចាំកម្ពុជា ខ្ញុំសូមសម្ដែងគារវកិច្ចដោយស្មោះ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិរន្តរ៍ ដល់មិត្តភក្តិកម្ពុជាគ្រប់មជ្ឈដ្ឋាន!

ជារៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី យើងតែងនឹកដល់អតីតកាល រម្លឹកពីប្រវត្តិសាស្រ្ត។ យើងមិនអាចបំភ្លេចបានទេ អំឡុងពេលសន្និសិទទីក្រុងបានឌុងក្នុងឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» បានសព្វព្រះរាជហឫទ័យមានកិច្ចជំនួបជាមួយ
ឯកឧត្តម Zhou Enlai អតីតនាយករដ្ឋមន្ត្រីចិន និងបានបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងចំណងមិត្តភាពរវាងចិននិងកម្ពុជា។ សម្ដេច«ព្រះបរមរតនកោដ្ឋ» បានចាត់ទុកប្រទេសចិនជាស្រុកកំណើតទីពីររបស់ទ្រង់ ព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចក្នុងប្រទេសចិន និងបានសព្វព្រះទ័យនិពន្ធបទចម្រៀងដែលកោតសរសើរពីចំណងមិត្តភាពរវាងចិននិងកម្ពុជា និងត្រូវបានបកស្រាយដោយប្រជាពលរដ្ឋទាំងពីរប្រទេសរហូតមកដល់បច្ចុប្បន្ននេះ។ ក្រោមទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងក្រោមការបីបាច់ថែទាំយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជំនាន់មុន ចិននិងកម្ពុជាបានកំណត់ក្រមប្រតិបត្តិផ្លាស់ប្ដូរទំនាក់ទំនងដែលគោរពគ្នាទៅវិញទៅមក និងមានសមភាពគ្នា បង្កើតបានជាប្រពៃណីដ៏ស្រស់ផូរផង់ដែលគាំទ្រគ្នានិងជួយគ្នាទៅវិញទៅមក និងបង្កើតបានជាចំណងមិត្តភាពដែកថែបដ៏ស្និទ្ធដូចគ្រួសារតែមួយ និងផ្តល់ផលប្រយោជន៍ជូនដល់មនុស្សជំនាន់ក្រោយ ជាចំណងមិត្តភាពដែលយើងគួរថែទាំរក្សាយ៉ាងយកចិត្តទុកដាក់ និងបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។

ជារៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី យើងតែងនឹកដល់ឆ្នាំចាស់ គិតដល់សមិទ្ធផលដែលទទួលបាន។ ក្នុងឆ្នាំកន្លងទៅ ថ្នាក់ដឹកនាំចិននិងកម្ពុជាតែងបំពេញទស្សនកិច្ចទៅវិញទៅមកយ៉ាងញឹកញាប់ បានកំណត់កុងសុងស៊ីសសំខាន់ៗក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។ ចិននិងកម្ពុជាបានជំរុញយ៉ាងមានប្រសិទ្ធភាពនូវការធ្វើឱ្យបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" និង "យុទ្ធសាស្ត្របញ្ចកោណ" បន្តពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការ"ត្បូងពេជ្រដែលមានវិស័យអាទិភាពទាំង៦" បានខិតខំប្រឹងប្រែងបង្កើត"ច្រករបៀងនៃការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម" និង"ច្រករបៀងត្រីនិងស្រូវ" កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរបានបំភ្លឺឡើងនូវចំណុចលេចធ្លោនិងសមិទ្ធផលផ្លែផ្កាជាច្រើន។ "គម្រោងវិស្វកម្មចំណងមិត្តភាព"មានដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផ្លូវក្រវាត់ក្រុងទី៣ក្នុងរាជធានីភ្នំពេញ និងស្ថានីយ៍វារីអគ្គិសនីតាតៃលើជាដើមបានផ្តល់ផលប្រយោជន៍ជូនដល់ប្រទេសជាតិនិងប្រជាជន "ឱជារសជាតិខ្មែរ"មានដូចជាអង្ករ ម្រេច និងដូងក្រអូបជាដើមត្រូវបានបង្ហាញខ្លួននៅក្នុងប្រទេសចិន "បេសកជនចំណងមិត្តភាព"មានដូចជា ក្រុមគ្រូពេទ្យឱសថបុរាណចិនដែលជាជំនួយរបស់ភាគីចិនមកកាន់ប្រទេសកម្ពុជា និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនជាដើមត្រូវបានលេចវត្តមាននិងបោះជំហានទៅមុខ និងបានបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការចំណងមិត្តភាពរវាងចិននិងកម្ពុជា។

ជារៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី យើងតែងប្រសិទ្ធពរជ័យ និងមានក្តីរំពឹងនាពេលអនាគត។ ឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិននិងកម្ពុជា ប្រទេសទាំងពីរកំពុងរៀបចំសកម្មភាពដែលពាក់ព័ន្ធយ៉ាងសកម្ម ដើម្បីបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ផ្សារភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជន និងការសិក្សាពីគ្នាទៅវិញទៅមកលើអរិយធម៌។ កាលពីប៉ុន្មានថ្ងៃមុន ស្ថានទូតចិនប្រចាំកម្ពុជាបានចេញនូវវីឌីអូក្រោមចំណងជើងថា "កម្ពុជា តោះ បោះជំហានទៅមុខ! " ដែលវីឌីអូនេះទទួលបានការចាប់អាម្មណ៍យ៉ាងខ្លាំងក្នុងបណ្ដាញអ៊ីនធើណេត អ្នកក្នុងបណ្ដាញអ៊ីនធើណេតចិនជាច្រើនបានបង្ហាញថា នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្សាន្តទេសចរណ៍ និងរួមគ្នានិទានពីចំណងមិត្តភាពរវាងចិននិងកម្ពុជា។

យើងជឿជាក់ថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងក្រោមការគាំទ្ររួមគ្នារបស់ប្រជាជនទាំងពីរ ចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជានឹងមានអាយុកាលកាន់តែយូរអង្វែង ហើយការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីនឹងបន្តកាន់តែស៊ីជម្រៅនិងកាន់តែជាក់ស្ដែង ផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសជាតិនិងប្រជាជនទាំងពីរ និងព្រមទាំងរួមចំណែកថ្មីដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក!

ជាចុងក្រោយ ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំសូមគោរពជូនពរប្រទេសកម្ពុជារីកចម្រើនរុងរឿង ប្រជាជនមានសេចក្តីសុខក្សេមក្សាន្ត! សូមជូនពរទំនាក់ទំនងរវាងចិននិងកម្ពុជា រីកចម្រើនអភិវឌ្ឍន៍ឈានដល់កម្រិតថ្មីមួយទៀតក្នុងប្រវត្តិសាស្រ្ត !»៕