(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅថ្ងៃស្អែកនេះ, នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លោក មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនដល់និសិត្ស ដែលមានជីវភាពខ្វះខាតចំនួន៥០នាក់ នៅតាមគ្រឹះស្ថានឧត្តមសិក្សា៥ ក្នុងរាជធានីភ្នំពេញ ដែលធ្វើឡើងនៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។

ក្នុងនាមគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា លោក មាន ចាន់យ៉ាដា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងជូននូវពរជ័យពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោក មាន ចាន់យ៉ាដា បានឱ្យដឹងថា ពិធីសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌នេះ គឺជាកាយវិការទឹកចិត្តដ៏សប្បុរសរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ និងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការសិក្សារបស់ប្អូនៗនិស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ទៅតាមកម្រិត និងលទ្ធភាពជាក់ស្តែង បើទោះបីជាអំណោយថ្ងៃនេះ មិនច្រើនលើសលប់ ប៉ុន្តែវាអាចកាត់បន្ថយនូវការចំណាយ និងដោះស្រាយជីវភាពបានមួយរយៈពេលខ្លី មុនឱកាសសង្ក្រាន្តឆ្នាំថ្មី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះដែរ។

លោកបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចប្រធាន បានផ្តល់សារៈប្រយោជន៍ ចំពោះបណ្តាញយុវជន គឺបានណែនាំចង្អុលបង្ហាញ និងជំរុញឱ្យក្លឹបយុវជន បន្តបំពេញសកម្មភាពមនុស្សធម៌ ដោយឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតក្នុងសហគមន៍ ស្របតាមគោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃ មនុស្សធម៌ របស់ចលនាអន្តរជាតិ។ ពិសេសការគិតគូរចំពោះសមាជិកយុវជន បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតដែលមានជីវភាពខ្វះខាត នៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួនជាមុនបង្អស់ និងបន្តគិតគូរជួយឧបត្ថម្ភគាំទ្រអ្នកមានជីវភាពខ្វះខាត និងតម្រូវចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ នៅតាមសហគមន៍ជាបន្ទាប់ ដែលទង្វើទាំងនេះ ជាការបង្ហាញពីវប្បធម៌នៃការចែករំលែក មិត្ត-ជួយ-មិត្ត រួមសុខ រួមទុក្ខ ជាមួយគ្នាដោយឥតលក្ខខណ្ឌ។

ដូច្នេះដើម្បីជាការលើកទឹកចិត្ត និងចែករំលែកក្តីស្រឡាញ់ជាមួយប្អូនៗ ក្មួយៗនិស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាតនាពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់នូវអំណោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យូរ និងថវិកាមួយចំនួន។ ដោយឡែកប្អូនៗ និងក្មួយៗ ដែលខ្វះមធ្យោបាយធ្វើដំណើរ ១០នាក់ បានទទួលកង់ម្នាក់១បន្ថែមទៀត។

សូមជម្រាបថានៅព្រឹកដដែលនេះដែរ លោក មាន ចាន់យ៉ាដា បានបន្តដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួនទៀត ចែកជូនដល់អ្នកជំងឺដែលមានជីវភាពខ្វះខាត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យជាតិតេជោសន្តិភាពចំនួន១០០នាក់ទៀត ដើម្បីចូលរួមសម្រាលជីវភាព និងចែករំលែកក្តីស្រឡាញ់ ក្នុងឱកាស ចូលឆ្នាំថ្មីនេះ៕