(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃកម្ពុជា បានណែនាំដល់ក្រុមការងារនៃលេខាធិកាដ្ឋានអចិន្ត្រៃយ៍ឱ្យរៀបចំតាក់តែងនូវសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដើម្បីរៀបចំដំណើរការការងារឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពកាន់តែប្រសើរឡើងថែមទៀត ជាពិសេសធ្វើយ៉ាងណាអនុញ្ញាតឱ្យមានការពង្រីកសមាជិកភាពឱ្យកាន់តែទូលំទូលាយជាងមុន។

លោក លី ច័ន្ទតុលា បានថ្លែងណែនាំយ៉ាងដូចនេះនារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានឱកាសអញ្ជើញជាអធិបតីនិងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា នៅសាលប្រជុំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអនុប្រធានអចិន្ត្រៃយ៍ សមាជិក–សមាជិកានៃគណៈកម្មាធិការជាតិ ក្រុមការងារជំនាញនៃគណៈកម្មាធិការជាតិ ព្រមទាំងប្រធានលេខាធិការដ្ឋាន និងសមាជិក–សមាជិកានៃលេខាធិការដ្ឋានអចិន្ត្រៃយ៍ផងដែរ ដែលកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាវាយតម្លៃលើសមិទ្ធផលការងារដែលបានធ្វើកន្លងមក និងដាក់ចេញនូវផែនការសកម្មភាពការងារដើម្បីអនុវត្តបន្តសម្រាប់ត្រីមាសទី២ និងទី៣នៃឆ្នាំ២០២៤។

ជាមួយគ្នានោះដែរលោក លី ច័ន្ទតុលា ក៏បានផ្តល់ការវាយតម្លៃខ្ពស់សម្រាប់សមិទ្ធផលការងារដែលគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានបានធ្វើកន្លងមក ជាពិសេសនៅគ្រប់កិច្ចប្រជុំទាំងអស់នៃសមាគមច្បាប់អាស៊ាន និងលើកទឹកចិត្តខ្ពស់ដល់សមាជិក–សមាជិកាទាំងអស់ ឱ្យបន្តគាំទ្រនិងចូលរួមដោយសកម្មជាមួយសកម្មភាពរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ក៏ដូចជាសកម្មភាពរបស់សមាគមច្បាប់អាស៊ានផងដែរ៕