(ភ្នំពេញ)៖ មេដឹកនាំអាស៊ាន និងជប៉ុន បានបង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ ក៏ដូចជាកាំជ្រួចមីស៊ីលជា ញយដងរបស់កូរ៉េខាងជើង ដោយបានចាត់ទុកការបាញ់ កំញើញទាំងអស់នេះ គឺជាការគំរាមកំហែងខ្លាំង ដល់សន្តិសុខនៅក្នុងឧបទ្វីបកូរ៉េ ក៏ដូចជាសន្តិសុខ នៅក្នុងតំបន់ផងដែរ។

ក្តីបារម្ភនេះបានស្តែងឡើង នៅក្នុងកិច្ចប្រជុំកំពូលរវាង មេដឹកនាំអាស៊ាន ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន ហ្សូអាបេ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ នេះបើយោងតាម ការចេញផ្សាយ នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរសៀលថ្ងៃដដែលនេះ។

ទំព័រ Facebook សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីជប៉ុន បានចាត់ទុកការបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់ បច្ចេកវិទ្យាកាំជ្រួចមីសីល បាលីស្ទីក របស់កូរ៉េខាងជើង គឺជាការរំលោភទៅលើសេចក្តី សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

មេដឹកនាំ អាស៊ាន-ជប៉ុន បានទទូចឲ្យកូរ៉េខាងជើង គោរពឲ្យបានពេញលេញ តាមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងបានអំពាវនាវឲ្យ មានការរំសាយចោល អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េដោយសន្តិវិធី។

មេដឹកអាស៊ាន-ជប៉ុន បានគូសបញ្ជាក់ថា ការវិលចូលរកតុចរចា ៦ភាគីឲ្យបានឆាប់រហ័ស គឺជាដំណោះស្រាយ ដ៏មានសារៈសំខាន់នៃការបង្កើត បរិយាកាសប្រកបដោយអំណោយផល ដើម្បីជួយត្រួសត្រាយផ្លូវ សម្រាប់ពង្រឹង និងរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពនៅឧបទ្វីបកូរ៉េ៕