(កំពង់ឆ្នាំង)៖ ទីតាំងថតរូបដ៏ស្រស់ត្រកាល ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង គឺជាទីតាំងដែលអាចថតរូបផ្សារភ្ជាប់ជាមួយទន្លេ កោះនិង ភ្នំនាងកង្រី ជាទីតាំងរឿងព្រេង និងជាទីតាំងប្រវត្តិសាស្រ្ត ដែលប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាបានដឹងគ្រប់ៗគ្នា។

ទីតាំងថតរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសទទួលបាននូវអំណរសាទរពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងយ៉ាងខ្លាំង។

លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមកលេងខេត្តកំពង់ឆ្នាំង ឬ ធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ កុំភ្លេចចូលថតផ្តិត យករូបភាពដ៏ស្រស់ត្រកាលជាមួយទីតាំងថតរូបនេះទុកជាអនុស្សាវរីយ៍។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង សូមគោរពថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅជូនចំពោះលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាអតីតប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលបានផ្តួចផ្តើម និងឧបត្ថម្ភការសាងសង់ទីតាំងថតរូបនេះ៕