(ភ្នំពេញ)៖ តមតាមការអញ្ជើញរបស់នាយក​ដ្ឋានទំនាក់ទំនងសាធារណៈ នៃព្រះរាជាណាចក្រថៃ គណៈប្រតិភូក្រសួង​ព័ត៌មាន​កម្ពុជា ដឹកនាំដោយលោក លី វ៉ាន់ហុង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងសមាជិកប្រតិភូចំណុះអគ្គនាយកដ្ឋាន​ទាំង៥ នៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកិច្ច​ប្រជុំគណៈកម្មការបច្ចេកទេសរួម Joint Technical Committee (JTC)  ថៃ-កម្ពុជា នាទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ។

ខ្លឹមសារនៃកិច្ចប្រជុំបានផ្តោតទៅលើកិច្ចសហប្រតិបត្តិការ​ពង្រឹងទំនាក់ទំនង អោយកាន់​តែជិតស្និតលើវិស័យព័ត៌មាន ដែលរួមមាន៖ ការបន្តកិច្ចសហការផ្លាស់ប្តូរ ព័ត៌មាន​រវាងទូរទស្សន៍ NTT និងTVK និងក្រុមផលិតកម្មវិធីបទ​យកការណ៍។ ដោយឡែក​សំរាប់ចាក់ផ្សាយលើកញ្ចក់ស្ថានីយ៍​ទូរទស្សន៍​ជាតិប្រទេសទាំង​ពីរ​ក្នុងក្របខ័ណ្ឌប្រទេស​សមាជិក​អាស៊ាន បន្តកិច្ចស​ហការផ្លាស់​ប្តូរព័ត៌មាន និងកំរង​រូបភាពរបស់ទីភ្នាក់ងារ​សារព័ត៌មានកម្ពុជា និងថៃ ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងវិទ្យុជាតិប្រទេសទាំងពីរ​ ពិសេសចំណាប់អារម្មណ៍ខ្លាំង​ផ្តោតទៅលើការផ្សាយ​វិទ្យុសំលេងមិត្ត​ភាពកម្ពុជា ថៃ តាមខ្សែបន្ទាត់ព្រំដែនរួម ដែលបានអនុវត្តន៍​កន្លងមករវាងវិទ្យុ FM ជាតិតាមាន់ 90Mhz និងវិទ្យុfmជាតិខេត្តសុរិន្ទរាជាណាចក្រថៃ 97.5Mhz។

សូមបញ្ជាក់ផងដែរថា ដោយមានការគាំទ្រពេញទំហឹងពីសំណាក់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្រសួងបានសម្រេចបង្កើតក្រុមការងារ Twin Radio នេះបន្ថែមដើម្បីចូលរួម អនុវត្តន៍​គាំទ្រកម្មវិធីនេះ ដោយមានសមាសភាព​ប្រធានស្ថានីយ៍វិទ្យុFMជាតិ ៩៦MHz រាជធានីភ្នំពេញ ទទួលបន្ទុកដឹកនាំសម្របសម្រួល និងប្រធានមន្ទីរព័ត៌មាន​ខេត្តទាំង៩​ជាប់ព្រំដែនកម្ពុជា ថៃជាសមាជិក ។

តាមគំរោងកិច្ចពិភាក្សាទ្វេភាគីនេះកិច្ចប្រជុំលើកទី១០របស់ JTC ភាគីកម្ពុជានឹងធ្វើជាម្ខាស់ផ្ទះនៅឆ្នាំ២០១៧ខាងមុខ៕