(ភ្នំពេញ)៖ រយៈពេល​ ៣ខែដើមឆ្នាំ២០២៤ សហគ្រាស គ្រឹះស្ថា​ន ដែលបានចុះបញ្ជីមានចំនួន៣ ០៤៨ ដែលស្រូបកម្លាំងពលកម្មសរុបប្រមាណ ១៤០ ៥២៤នាក់។ នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ ដែលផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

តាមរយៈសារលិខិតនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤ វិស័យឧស្សាហកម្ម មានសហគ្រាស គ្រឹះស្ថានដែលបានចុះបញ្ជី មានចំនួន៣ ០៤៨ ដែលស្រូបកម្លាំងពលកម្មសរុបប្រមាណ ១៤០ ៥២៤នាក់​ ខណៈកាលពីឆ្នាំ២០២៣ ​មានសហគ្រាស គ្រឹះស្ថានដែលចុះបញ្ជី​ បានកើនឡើងដល់ចំនួន ៤៣ ៧៥១ ដែលស្រូបកម្លាំងពលកម្មសរុបប្រមាណ ១.៨លាននាក់ទូទាំងប្រទេស។​

សម្តេចធិបតីបានបញ្ជាក់ថា ដោយឡែកប្រាក់ឈ្នួ​លអប្បបមាររបស់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ក៏ត្រូវបានដំឡើងដល់ ២០៤ដុល្លារអាមេរិក បូករួមនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត ក៏ដូចជាការបន្តទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀតពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ក្នុងរយៈពេល ៦ខែដំបូងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាល គ្របដណ្តប់ប្រជាពលរដ្ឋចំនួន ៦.៨លាននាក់ ក្នុងនោះមានសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្ត មានចំនួន២.២លាននាក់ មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារងាយរងហានិភ័យ មានចំនួន១.៨លាននាក់ មូលនិធិសមធម៌សម្រាប់ប្រជាជនគ្រួសារក្រីក្រ (ក្រ១និងក្រ២) មានចំនួន២.៨លាននាក់ និងបានពង្រីកការគ្របដណ្ដប់របបសន្តិសុខសង្គម ជូនដល់បុគ្គលស្វ័យនិយោជន៍ជាង ១៥ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស. ជិត៤ម៉ឺននាក់។

ក្នុងសារលិខិតនេះ សម្តេចធិបតីក៏បានគូសបញ្ជាក់ ពីការរីកចម្រើននៃវិស័យកសិកម្មផងដែរ។ សម្តេចបានឱ្យដឹងថា រយៈពេល ៣ខែដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប៤ ៥៩៦ ៤៤២តោន ក្នុងនោះ អង្ករបានជាង១៦៦ពាន់តោន ស្រូវចំនួន១ ៥៥៥ ០២៥តោន និងកសិផលក្រៅពីស្រូវ អង្ករចំនួន ២ ៨៧៤ ៩៦៦តោនទៅកាន់ទិសដៅចំនួន៦៥ប្រទេស។

ជាមួយគ្នា សម្តេចធិបតីមានប្រសាសន៍ថា​ ក្នុងឆ្នាំ២០២៣ បរិមាណផលិតផលស្រូវរដូវវស្សា និងស្រូវរដូវប្រាំង សម្រេចបានប្រមាណជាង១២.៤៩លានតោន ដែលតាមការប៉ាន់ស្មាន យើងមានអតិរេកស្រូវជិត៧លានតោន គិតជា អង្ករស្មើនឹង៤.៥លានតោន សម្រាប់បម្រើឱ្យការនាំចេញ។ កាលពីឆ្នាំកម្ពុជាបាននាំចេញកសិផល ទៅក្រៅប្រទេសមានបរិមាណសរុប ៨ ៤៤៩ ៤១៤តោន ក្នុងនោះ អង្គរបានជាង ៦៦៤ពាន់តោន ស្រូវចំនួន២ ៧៣០ ៨២៥តោន និងកសិផលក្រៅពីស្រូវ អង្ករ ចំនួន៥ ០៦២ ២៦៦តោន ទៅកាន់ទិសដៅចំនួន៧៨ប្រទេស​៕