(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះរំពឹងថាអាចនឹងមានកំណើនរង្វង់ ៦.៦% ខណៈផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ជាមធ្យមសម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា កើនឡើងដល់ ២ ០៧១ដុល្លារអាមេរិក។

នេះបើតាមសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

តាមរយៈសារលិខិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងរង្វង់ប្រមាណ៥.៦% សម្រាប់ឆ្នាំ២០២៤នេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជា អាចមានកំណើនក្នុងអត្រា៦.៦%»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំពោះទំហំពាណិជ្ជកម្មអន្តរជាតិ ក្នុងឆ្នាំ២០២៣ មានប្រមាណជាង ៤៧ ៨៧៧.៥១លានដុល្លារអាមេរិក ចំណែកឯការនាំចេញ មានប្រមាណជាង ២៣ ៤៧០.៤១លានដុល្លារអាមេរិក។ អត្រាប្តូរប្រាក់មានស្ថិរភាព អតិផរណាស្ថិតក្នុងកម្រិតទាបនិងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិបន្តកើនឡើងដល់ ២១ ២៨៥លានដុល្លារអាមេរិក។

ទន្ទឹមគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ បានកើនឡើងពី១ ៧៨៥ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដល់ប្រមាណ ១ ៩១៧ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងត្រូវបានរំពឹងថា កើនឡើងដល់ ២ ០៧១ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងផងដែរថា រាជរដ្ឋាភិបាល ក៏នៅបន្តការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដោយដំឡើងប្រាក់បៀវត្សអប្បបរមា ដល់ជាង១លាន៣៥ម៉ឺនរៀល ហើយអនុវត្តការបើកបៀវត្ស បានទៀងទាត់ពេលវេលា គឺបើក២ដង ក្នុងមួយខែតាមប្រព័ន្ធធនាគារ។

លើសពីនោះទៀត ព្រមទាំងបានដំឡើងប្រាក់សោធនជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ជាពិសេសកាត់បន្ថយគម្លាត ប្រាក់សោធនរវាងអ្នកចូលនិវត្តន៍ចាស់ និងថ្មីផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕