(ភ្នំពេញ)៖ តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងការពាររាល់សមិទ្ធផល ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល សម្រេចបាននាពេលកន្លងមកឱ្យបានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលប្តេជ្ញាបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើង។

តាមរយៈសារលិខិតជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី បានបញ្ជាក់ដែរថា រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅនេះ គឺអាស្រ័យដោយមានការដឹកនាំខាងនយោបាយដ៏ត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត មានការចូលរួមគាំទ្រថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស ព្រមជាមួយនឹងការជួយឧបត្ថម្ភគាំទ្រ ដោយចិត្តស្មោះសពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងសហគមន៍ អន្តរជាតិ។

រាជរដ្ឋាភិបាលនឹងបន្តធ្វើការកែទម្រង់ស៊ីជម្រៅព្រមទាំងប្រកាន់ខ្ជាប់អភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ក្នុងនោះមានការបន្តពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការបន្តកែទម្រង់លើវិស័យសំខាន់ៗ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអភិវឌ្ឍធនធានមនុស្ស ការជំរុញបរិវត្តកម្មឌីជីផល ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត សំណង់ ផ្លូវ ស្ពាន និងធារាសាស្ត្រ ការបង្កើនប្រភពថាមពលអគ្គិសនី ការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តដោយសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ប្រទេសជាតិ ដោយឈរលើគោលការណ៍តម្កល់ នូវផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ដើម្បីជម្នះបាននូវបញ្ហាប្រឈម ហានិភ័យ និងឧបសគ្គទាំងឡាយសំដៅបន្តដឹកនាំនាវាកម្ពុជារក្សាការពារបានសុខសន្តិភាពយូរអង្វែង មានវឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។

នាឱកាសនោះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជូនពរដល់ជនរួមជាតិខ្មែរគ្រប់រូបដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស មន្ត្រីរាជការ នាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ ដែលបាននិងកំពុងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាព និងមនុស្សធម៌នៅក្រៅប្រទេស នាយនគរបាល ពលនគរបាលដែលបាន និងកំពុងរួមចំណែកការពារបូរណភាពទឹកដី និងថែរក្សាការពារ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៃមាតុភូមិ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ ក្មួយៗសិស្សានុសិស្ស និស្សិត យុវជន កម្មករ កសិករ និយោជិត ធុរជន និងវិនិយោគិនដែលកំពុងប្រកបធុរកិច្ច នៅលើទឹកដីកម្ពុជា សូមទទួលបាននូវភាពជោគជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ៕