(ភ្នំពេញ)៖ ឧកញ៉ា លាង ឃុន ប្រធានក្រុមហ៊ុនជីបម៉ុងគ្រុប និងជាអគ្គនាយកក្រុមហ៊ុនស្រាបៀរកម្ពុជា បានប្រកាសឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជូនដល់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោក ហ៊ុយ វណ្ណ: និងថ្នាក់ដឹកនាំសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក លាង ឃុន និងលោកស្រី ចំពោះការចូលរួមឧបត្ថម្ភ ទឹកប្រាក់ដ៏ច្រើនបែបនេះ ដើម្បីឲ្យសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា អាចបន្តការងារពង្រឹង និងលើកស្ទួយលើវិស័យព័ត៌មាន នៅកម្ពុជា កាន់តែរីកចម្រើនខ្លាំងឡើង ហើយលោកបាន ចាត់ទុកការឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ទៅលើអ្នកសារព័ត៌មានកម្ពុជា ពីសំណាក់អ្នកជំនួញដ៏ល្បីនៅកម្ពុជា។

សូមជំរាបថា សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ត្រូវបានបង្កើតឡើងដោយការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បម្រើការងារនៅស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗគ្នា ដូចជាវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ដែលមានមូលដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕