(ព្រះសីហនុ)៖ លោក គួច រើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ មត្ថកិច្ចនគរបាលខេត្ត។

លោក ឡុង ឌីម៉ង់ អភិបាលរង បានបង្ហាញពីទីតាំងសំខាន់ៗមួយចំនួន ដែលជាទីតាំងសម្រាប់រៀបចំកែលម្អរក្នុងថ្ងៃចូលឆ្នាំ
*ទី១. ទីលានតេជោ (រៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦)
*ទី២. ទីតាំងវេទិកា៧មករា និងទីតាំងតារារះនាទិសនិរតី
*ទី៣. ទីតាំងពយជំទាវម៉ៅ (រៀបចំរយៈពេល៤ ចាប់ពីថ្ងៃទី១៣ដល់១៦)
*ទី៤. ទីតាំងអក្សរ ខ្មែរធ្វើបាន (រៀបចំរយៈពេល១ថ្ងៃ គឺថ្ងៃទី១៥)
*ទី៥. ទីតាំងរង្វង់មូលព្រះថោងនាងនាគ (រៀបចំរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១៦)
*ទី៦. នៅឆ្នេរអូរត្រេះ (រៀបចំរយៈ១ថ្ងៃ គឺថ្ងៃទី១៤)
*ទី៧. ទីតាំងអាកាសយាន្តដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។

ជាក់ស្តែង ទីតាំងទាំងអស់ខាងសុទ្ធសឹងតែមានការប្រគុំតន្ត្រីរាំលែងបែបប្រពៃណីខ្មែរ របាំបុរាណ លេងល្បែងប្រជាប្រិយ លេងបាញ់ទឹក ដើម្បីទទួលស្វាគមន៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកលែងកំសាន្តឲ្យបានសប្បាយរីករាយប្រកដោយស្នាមញញឹមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង។

ក្នុងឱកាសនោះ លោក គួច ចំរើន បានចង្អុលបង្ហាញថា គ្រប់មន្ទីរអង្គភាពក្នុងខេត្តទាំងអស់ត្រូវរៀបចំទីធ្លាក្នុងបរិវេណមន្ទីរអង្គភាពអោយបានស្អាត ជាមួយការរៀបចំលម្អជាមួយភ្លើងចម្រុះពណ៌ សម្រាប់វត្តអារាមក៏សូមស្នើរឲ្យមានការអោយបានស្អាតផងដែរ ដើម្បីរៀបចំទទួលពុទ្ធបរិស័ទបន្ទាប់ពីមានការធ្វើបុណ្យដាក់ទាន់រួច នឹងបន្តលែងល្បែងប្រជាប្រិយខ្មែរ ជាពិសេសគឺល្បែងប្រជាប្រិយណាដែលកប់ទុកជាយូរសឹងតែបាត់បង់ពីមុនមកនោះត្រូវតែលើកយកមកបង្កើតលែងឡើងវិញដើម្បីរក្សាបាននៅអត្តសញ្ញាណខ្មែរយើង។

លោកបានគូសបញ្ជាក់ថា ដើម្បីការពារសុខវត្ថិភាពក្នុងថ្ងៃចូលឆ្នាំរយៈបួនថ្ងៃនេះឲ្យកាន់តែមានភាពកក្តៅជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ លោកបានចាត់អោយកងកម្លាំងប្រដាប់អាវុធ នគរបាល សមត្ថកិច្ច អាជ្ញាធរមូលដ្ឋានទាំងអស់រាយកម្លាំងតាមទៅតាមទីតាំងសំខាន់ៗ ឆ្នេរ រមណីយដ្ឋាននានា និងរៀបចំផ្លូវសម្រាប់ឯកទិស (កន្លងមកជាផ្លូវមានការកកស្ទះ) ពោលគឺធ្វើឡើងដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំខាងនេះ៕