(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសតែងតាំងមន្ត្រីរាជការទាំង២រូប លោក កាំង លាងគ្រី ឋានន្តរសក្ត័វរមន្ត្រីថ្នាក់លេខ២ ត្រូវបានប្រកាសតែងតាំងមុខតំណែងជានាយករងរដ្ឋបាលរាជធានីភ្នំពេញ, លោក ផយ ពណ្ណ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ត្រូវបានប្រកាសមុខតំណែងជានាយកទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស។

លោក ម៉ប់សារិន បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ក៏ដូចជាដំណើរការអភិវឌ្ឍរាជធានីភ្នំពេញ ក្រោមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសក្នុងបរិវត្តកម្មឌីជីថល។ ការខិតខំអនុវត្តភារកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញពីការយកចិត្តទុកដាក់បំពេញតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ រួមទាំងយន្តការច្រកចេញចូលតែមួយផងដែរ។

លោក ឃួង ស្រេង បានលើកឡើងពីការបន្តខិតខំរាល់ចំណុចខ្វះខាត និងសំណូមពររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ គួរបានអញ្ជើញចុះជួបសំណេះសំណាល ជាមួយអង្គបោះឆ្នោតសង្កាត់-ខណ្ឌ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ-ស្រុក ខេត្ត-ក្រុង នាពេលខាងមុខ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងអនុវត្តវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះផងដែរ៕