(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការបញ្ចេញរថយន្ត ដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត បង្ហាញការគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា ហើយបន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ឃួង ស្រេង ថ្លែងបែបនេះ ក្នុងឱកាសជូនដំណើរប្រជាពលរដ្ឋ ដែលជិះរថយន្តក្រុងសាធារណៈទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រលឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

លោក ឃួង ស្រេង បញ្ជាក់យ៉ាងដូច្នេះថា «នេះជាការគិតគូរខ្ពស់បំផុត របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចប្បន្ននេះ លោកតែងតែបានគិតគូរពីជីវភាព របស់បងប្អូនប្រជាពលរដ្ឋ។ យើងមើលឃើញថា បងប្អូនធ្វើដំណើរនេះ​ យើងមើលឃើញថា ជាបញ្ហាមួយដែលនៅស្រុកណា ក៏មានការដឹកជញ្ជូន ប៉ុន្តែបើគិតពីជីវភាពបងប្អូនវិញ គាត់មានការសាទរណាស់ ព្រោះគាត់បាន (ចំណេញ) ទៅដល់គាត់ផ្ទាល់ នៅត្រង់ថា បើទៅស្រុកកំណើតអស់ ២ម៉ឺន តែក៏បានបង្ហាញពីការខិតខំប្រែងថា គាត់បានសន្សំ»

លោកបានបន្តថា «កិច្ចការងារនេះ​ គោលនយោបាយរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនេះ គឺជាគោលនយោបាយដ៏ល្អ ដែលពួកគាត់អាចកាត់បន្ថយនូវភាពក្រីក្ររបស់គាត់​ ព្រោះគាត់ជីវភាពមានកម្រិត ថ្វីត្បិតតែជីវភាពមានការរីកចម្រើន [...] ជាពិសេសទៅទៀត ការងារទទួលមរតក ពីសម្តេចតេជោ គឺសម្តេចធិបតី អនុវត្តនូវប្រពៃណីនេះបន្តទៀត ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ»

សូមជម្រាបថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤, រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង៕