(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋមកចូលរួមលេងនៅសង្ក្រាន្តកំពង់ធំឱ្យបានកុះករ ដែលរៀបចំដោយគណៈកម្មការរៀបចំសង្ក្រាន្តកំពង់ធំ។

លោកអភិបាលខេត្តកំពង់ធំបានដឹកនាំគណៈកម្មការរៀបចំសង្ក្រាន្តកំពង់ធំ និងមន្ត្រីពាក់ព័ន្ធត្រួតពិនិត្យការរៀបចំសង្ក្រាន្តនៅវិទ្យាល័យកំពង់ធំ និងកន្លែងកម្សាន្តនានា រាត្រីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅវិទ្យាល័យកំពង់ធំ ស្ថិតក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។

លោកបានជំរុញឱ្យក្រុមការងារបានសមរម្យមានសណ្ដាប់ធ្នាប់ បរិស្ថានល្អ ត្រូវរៀបចំភ្លើងបំភ្លឺ និងភ្លើងពណ៌សម្រាប់លម្អនៅពេលយប់ឱ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិមកទស្សនារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសម្អាតបរិស្ថាននៅក្នុងបរិវេនវិទ្យាល័យឱ្យបានល្អប្រសើរជាប្រចាំ ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យស្រទាប់មហាជនបានទទួលព័ត៌មានធ្វើយ៉ាងណារៀបចំកម្មវិធីសង្ក្រាន្តកំពង់ធំឆ្នាំថ្មីនេះឱ្យបានល្អ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត ក្រៅខេត្ត ធានាបាននៅសុខសុវត្ថិភាព ទាំងការមកទស្សនា ការធ្វើដំណើរប្រកបដោយសុវត្ថិភាពផងដែរ។

លោកបន្តថា ការរៀបចំសង្ក្រាន្តកំពង់ធំនេះប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវរបស់គណៈកម្មការដោយបានបែងចែកទីតាំងកន្លែងកំសាន្តនីមួយៗផ្សេងៗពីគ្នា និងមានទីធ្លាធំទូលាយសម្រាប់លេងល្បែងប្រជាប្រិយ មានការដាក់តាំងលក់នៅស្នាដៃរបស់សិស្សានុសិស្សតាមសាលានីមួយៗ ដែលជាស្នាដៃរបស់កូនខ្មែរពិតប្រាកដ។

លោក ងួន រតនៈ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញមកចូលរួមសង្ក្រាន្តកំពង់ធំឱ្យបានគ្រប់ៗគ្នា ព្រោះមួយឆ្នាំមានតែម្ដង ដើម្បីបង្កើននូវភាពទំនាក់ទំនងរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ចូលរួមថែរក្សានៅបរិស្ថាន ការទុក្ខដាក់សំរាមឱ្យមានអនាម័យ គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ជៀសវាងកុំឱ្យមានការគ្រោះថ្នាក់បាត់បង់អាយុជីវិត៕