(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ នៅថ្ងៃសៅរ៍ ៥កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស ២០២៤ នៅពេលយប់ វេលាម៉ោង១០៖១៧នាទី និង២៤វិនាទី។

នៅពេលនេះ បណ្តាញព័ត៌មាន Fresh News សូមដកស្រង់នូវមហាសង្ក្រាន្ដ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ ពីសៀវភៅសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៉ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល មកជម្រាបជូនដូចតទៅ៖

ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តាកន្លងទៅហើយ បាន២៥៦៧ ត្រឹមថ្ងៃពុធ១៥កើត ខែពិសាខលុះ ដល់ថៃ្ងព្រហស្បតិ៍ ១រោចខែពិសាខ ឆ្នាំរោងឆស័កតទៅ ចូលពុទ្ធសករាជ២៥៦៨ នឹងគណនាឆ្នាំរោងឥឡូវនេះសង្គ្រាន្តចូលនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០២៤ វេលាម៉ោង២២៖១៧នាទី និង២៤វិនាទី។

ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅ តាមផ្លូវគោវិថី គឺផ្លូវកណ្តាលមានទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកា ព្រះនាម មហោទរាទេវី ជារាជបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀត ផ្កាត្រកៀត អភរណៈ និលរតន៍ ភក្សាហារទ្រង់ សាច់ទ្រាយ ព្រះហស្តស្តាំទ្រង់ កងចក្រ ព្រហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរា (ក្ងោក) ជាយានពាហនៈ។ ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវ ធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតំកល់ទុកនូវ ព្រះសិរសាកបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី។

ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទាន រក្សាសីលដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គ ក្នុងភគវតីសភាសាលា ដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តីជ័យមង្គល ជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។

* ថ្ងៃសៅរ៍៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ មេសា គ.ស.២០២៤ ជាថ្ងៃចូលឆ្នាំរោង ឆស័ក
* ថ្ងៃអាទិត្យ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤មេសា គ.ស.២០២៤ ជាវារៈវន័បត។
* ថ្ងៃច័ន្ទ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា គ.ស.២០២៤ ជាវារៈវន័បត។
* ថ្ងៃអង្គារ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០២៤ វេលាម៉ោង២៖១៥នាទី និង០០វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបួនថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំរោងឆស័ក មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦តទៅ។

ក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការគ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ អន្យតិយជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គលវិបុលសុខ គ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ ។

*** រណ្ដាប់ទទួលទេវតា

រណ្ដាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី៣ថា្នក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ ១រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។

ស្រេចហើយវេលាម៉ោង ដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាត​ បរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។

ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ជាទំនៀម មានចែងនៅក្នុងសៀវភៅព្ររាជពិធីទ្វាទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ដល់មានទៀនប្រាំ ធូបប្រាំ សា្លធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរ។

ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឱ្យបានត្រឹម៣ ឬ៥មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។
នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួង ពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ៕