(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ឈានចូល ព.ស.២៥៦៨ ក្រោមវត្តមានលោក សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោកស្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តឧត្តរមានជ័យ យ៉ាងច្រើនកុះករ។

នៅក្នុងពិធីនេះក៏មានការរៀបចំតាមពិធីបុណ្យបែបសាសនា ដោយនិមន្តព្រះសង្ឃសូត្រមន្តចម្រើនរាសី ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ឆ្លងឆ្នាំចាស់ ផ្លាស់ឆ្នាំថ្មី និងមានការសម្តែងរបាំងត្រុដិ របាំជូនពរ ជាមួយនឹងការថ្លែងណែនាំរបស់លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមាជ័យ សូមឱ្យមន្ត្រីទាំងអស់រក្សាឱ្យបានសាមក្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត នាឱកាសឆ្នាំថ្មីនេះ។

ដើម្បីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច ពេញមួយឆ្នាំ ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ខាងមុខនេះ លោក សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ក៏បានចែកជូនថវិកា និងភេសជ្ជៈ ដល់មន្ត្រីទាំងអស់ផងដែរ៕