(ភ្នំពេញ)៖ បន្ទាប់ពីការរៀបចំតុបតែងលម្អ នៅតំបន់រមណីដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ដែលកាន់ខិតជិតចូលមកដល់រួចរាល់ហើយនោះ ប្រជាពលរដ្ឋក៏ចាប់ផ្ដើមនាំគ្នាទៅដើរលេងកម្សាន្ដ និងផ្ដិតយករូបភាពស្អាតៗពីទីតាំងប្រវត្តិសាស្ដ្រមួយនេះ។

ជាក់ស្ដែង នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ សេចក្ដីរាយការណ៍ពីមូលដ្ឋានខណ្ឌដូនពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនបានចាប់ផ្ដើមនាំគ្នាទៅដើរលេងកម្សាន្ដ និងផ្ដិតយកនូវរូបភាពភ្លើងពណ៌ ដែលកើតចេញពីការតុបតែងលម្អរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

ដោយឡែក សម្រាប់ការការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់វិញ ក៏ត្រូវបានពង្រឹងយកចិត្តទុកដាក់ដូចគ្នាផងដែរ ដើម្បីរក្សាបាននូវភាពកក់ក្ដៅជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន។

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌ ក្រោមការណែនាំពីលោក ជា ខេមា អភិបាលខណ្ឌ ក្រោយបញ្ចប់បេសកកម្មត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងមូលដ្ឋានហើយនោះ បានបំលាស់ទីទៅកាន់ទីតាំងរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

សុូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្ដិសាស្ដ្រវត្ដភ្នំ ក្នុងឱកាសរៀបចំ «សង្ក្រាន្ដវត្ដភ្នំ» រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

ក្នុងនោះ នឹងមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។

ដើម្បីឲ្យការរៀបចំកម្មវិធីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការ កកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំចំណតយានយន្តសម្រាប់អ្នកចូលរួមកម្មវិធីសង្ក្រាន្តវត្តភ្នំ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕