(វ៉ាស៊ីនតោន)៖ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា វីរុស Zika (ហ្ស៊ីកា) អាចបន្តរស់នៅក្នុងផ្នែកខាងក្នុងនៃ ភ្នែករបស់មនុស្ស ហើយការអះអាងបែបនេះ ធ្វើឡើងនៅបន្ទាប់ពី ពួកគេបានរកឃើញ ហ្សែននៃវីរុស ហ្សកានៅក្នុងទឹកភ្នែក របស់សត្វកណ្ដុរ។ នេះបើយោងតាម របាយការណ៍សិក្សាមួយ ចេញផ្សាយកាលអង្គារ៍ និង ចុះផ្សាយបន្តដោយ ទីភ្នាក់ងារសារព័ត៌មានចិន សិនហួរ នៅថ្ងៃ ពុធ ទី ៧ខែ កញ្ញានេះ។

យោងតាមរបាយការណ៍ សិក្សាខាងលើដែលចុះផ្សាយ ដោយទស្សនាវដ្តីអាមេរិក Cell Report អាចពន្យល់ បានពីមូលហេតុ ដែលអ្នកជំងឺឆ្លងវីរុសហ្ស៊ីកាមួយចំនួន មានការវិវត្តន៍ជំងឺភ្នែក ដែលអាចធ្វើឱ្យអ្នកជំងឺ ប្រឈមមុខនឹងការពិការភ្នែកជាអចិន្ត្រៃយ៍។ ដោយឡែកផ្អែកលើការសិក្សា ស្រាវជ្រាវថ្មីនេះ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការពិសោធន៍ដោយ ចាក់បញ្ចូលវីរុស ហ្ស៊ីកា ទៅក្នុងសត្វកណ្ដុរពេញវ័យ ហើយ ០៧ថ្ងៃ ក្រោយមក ទើបពួកគេរកឃើញថាមានវត្តមាន មេរោគនៅក្នុងភ្នែកសត្វ កណ្ដុរ។  

គួររំលឹកថា ហ្ស៊ីកា គឺជាវីរុសមួយប្រភេទ ឆ្លងតាមរយៈមូសខំានិងមានរោគសញ្ ញាដូចជាភ្នែកក្រហម កើតស្នាមកន្ទួលក្រហមតូចៗនៅលើស្បែក ឈឺសន្លាក់ និង គ្រុនក្ដៅ ជាដើម ពោលគឺវា មានរោគសញ្ញា ដូចគ្នានឹងជំងឺគ្រុនឈាមដែរ។ មួយវិញទៀត វីរុសហ្ស៊ីកា មិនបង្កបញ្ហាគួរឱ្យកត់សម្គាល់ សម្រាប់មនុស្សពេញវ័យនោះទេ តែបើវាកើតឡើងលើស្រ្តី មានផ្ទៃពោះអាចបណ្ដាល ឱ្យទារកនៅក្នុង ផ្ទៃកើតមកមានក្បាល តូចខុសពីធម្មតា និង មានប្រាជ្ញាអន់ខ្សោយបំផុត៕