(ព្រះសីហនុ)៖ រដ្ឋបាលស្រុកព្រៃនប់ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសូត្រមន្តលើករាសី បួងសួងសុំសេចក្ដីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ពិធីបានធ្វើឡើងក្រោមវត្តមានលោក អ៉ី ធារិន និងលោកស្រី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទទាំងអស់ផងដែរ។

ក្នុងពិធីសូត្រមន្តសូមពរជ័យ លោក អ៉ី ធារិន និងលោកស្រី ព្រមទាំងមន្ត្រីបានបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលើលោក និងទេវតាឆ្នាំចាស់ ផ្លាល់ចូលឆ្នាំថ្មី ដែលនឹងមកប្រោសព្រំពរជ័យសិរីមង្គល សូមឲ្យមង្គលបវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់បានទទួលនូវសុខភាពល្អ សេចក្ដីសុខ សេចក្តីចម្រើន ជោគជ័យរាល់ការបំពេញភារកិច្ចក្នុងឆ្នាំថ្មីនេះ។

គួរជម្រាបជូនថា ពិធីនេះជាការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូល។ ការរៀបចំពិធីនេះដែរដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់មន្ត្រីរាជការឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនរដ្ឋបាលខេត្តឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

អស់រយៈពេលកន្លងទៅ១ឆ្នាំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលស្រុកព្រៃនប់ព្យាយាម ខិតខំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីយកចិត្តទុកដាក់ ធ្វើឲ្យការងាររដ្ឋបាលស្រុកទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយនាំមកនូវលទ្ធផលជោគជ័យជាច្រើន ពិសេសគឺមានភាពទំនាក់ទំនងយ៉ាងល្អជិតស្និទ្ធ ពីមន្ត្រី១ ទៅមន្ត្រី១ ក្នុងការអភិវឌ្ឍសមត្ថភាព និងជំនាញប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ផងដែរ។

ដើម្បីបង្កើនភាពស្និទ្ធស្នាល នៅពេលល្ងាចក៏មានការជួបជុំពិសារអាហារសាមគ្គី មានតន្ត្រីរាំលែងបែបប្រពៃណីខ្មែរ ឆៃយ៉ាំ សម្តែងរបាំបុរាណ ជូនទស្សនាក្នុងកម្មពិធីផងដែរ៕