(ភ្នំពេញ)៖​ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២៤នេះ​ បានប្រកាសរកកុមារី កុមារា ៣រូប​ ទទួលជ័យលាភីក្នុងការប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤​ ក្រោយធ្វេីការប្រកួតប្រជែងក្នុងចំណោម​បេក្ខជនចំនួន​ ១៤៧រូប។

ក្រសួងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ បានបញ្ជាក់ដូចនេះថា​ ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនចំនួន ១៤៧រូប ដែលបានចូលរួមប្រកួតប្រជែងរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនេះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។

បេក្ខជនជ័យលាភីបានឆ្លងកាត់ដំណាក់កាលទី២ ដោយមានការ សម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើអត្ថន័យនៃសំបុត្ររបស់ខ្លួន រួចជ្រើសរើសបានបេក្ខជនជ័យលាភីចំនួន ៣រូបដូចជា​ បេក្ខជនជ័យលាភីលេខ១ កុមារី ទ្រី វួចឆេង មកពីរាជធានីភ្នំពេញ,​ បេក្ខជនជ័យលាភីលេខ២ កុមារី ប្រាក់ឆន សិទ្ធិការ្យ មកពីរាជធានីភ្នំពេញ,​បេក្ខជនជ័យលាភីលេខ៣ កុមារា អៀម វិនឈីវ មកពីរាជធានីភ្នំពេញ។

ជ័យលាភីដែលទទួលបានចំណាត់ថ្នាក់លេខ១ នឹងត្រូវចូលរួមជាតំណាងរបស់កម្ពុជានៅក្នុងកម្មវិធីប្រកួតប្រជែង កម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union)៕