(ភ្នំពេញ)៖​ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នាថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២៤នេះ​ បានចេញសេចក្តីប្រកាសព័ត៌មាន​ សោយបានសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត២រូប ដែលបង្កគ្រោះថា្នក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃនៅលើផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបានបានឱ្យដឹងដូចនេះថា​ ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់លើភស្តុតាងនានា តំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់លើអ្នកបើកបររថយន្តម៉ាក TOYOTA PRUIS ឈ្មោះ ណែម រតនៈ ភេទប្រុស អាយុ២៩ឆ្នាំ និងអ្នកបើកបររថយន្ត​ម៉ាក TOYOTA CAMRY ឈ្មោះ សេង ឡាយ ភេទប្រុស អាយុ៣៤ឆ្នាំ ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបជូនថាកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៦និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចលើផ្លូវជាតិលេខ៦ កែងវិថីខ្មែរលើ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបង្កឡើងដោយរថយន្តម៉ាក TOYOTA PRUIS ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2BG-6059 ដែលបើកបរឡើងជែងខាងឆ្វេងផ្លូវ ហើយក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BR-8953បណ្ដាលឲ្យភាគីម៉ូតូដួលទៅលើផ្លូវ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA CAMRY ពណ៌សផ្លាកលេខ ភ្នំពេញ 2B0-4232 បើកបរក្នុងល្បឿនលឿនលើសកំណត់មកកិនលើជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូឈ្មោះ ឡោ សារិ ភេទប្រុស បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅមន្ទីរពេទ្យតែម្តង៕