(កំពត)៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលព្រំដែន និងជាមេបញ្ជាការ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣, ទី៤ និងទី៥ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូ និងនាយនគរបាលពាក់ព័ន្ធ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយថវិការបស់អគ្គស្នងការនគរបាលជាតិ មកចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលនេះ។

ក្នុងពិធីនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន និងលោកឧត្តមសេនីយ៍ឯក ទូច ពល: ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣។ ពិធីនេះ ធ្វើឡើងដោយមានការជួបជុំកងកម្លាំងនគរបាលជាតិមកពីបណ្ដាអង្គភាព នគរបាលការពារព្រំដែនទឹក-គោក នៃគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ នៅទីតាំងវីរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ ២៤១ ស្ថិតក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

លោកឧត្តមសេនីយ៍ឯក ទូច ពល: ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ បានលើកបញ្ជាក់ថា ទុកជាលក្ខណៈភូមិសាស្ត្រ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ជាតំបន់គ្របដណ្ដប់ទៅដោយខ្ពង់រាប មានជួរភ្នំជ្រោះជ្រៅ ជ្រលងដងអូរ និងវាលទំនាប ដែលមានលក្ខណៈស្មុគស្មាញក្នុងកិច្ចប្រតិបត្តិការល្បាតត្រួតពិនិត្យតាមគោលដៅ គឺកងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក បានសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធការពារក្នុងភូមិសាស្ត្រ រួមមាន ខេត្តចំនួន ៧ គឺខេត្តកោះកុង, ព្រះសីហនុ, កំពត, កែប, តាកែវ កណ្ដាល និងខេត្តកំពង់ស្ពឺ។

ក្នុងនោះមានកងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ឈរជើងការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាជន និងភ្ញៀវទេសចរជាតិអន្តរជាតិដែលមកកម្សាន្ដតាមតំបន់សមុទ្រ និងចូលរួមប្រគៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាឲ្យបានគង់វង្ស។

លោកឧត្តមសេនីយ៍ឯក ទូច ពលៈ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល អគ្គស្នងការនគរបាលជាតិ ពិសេសអគ្គស្នងការរង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចុះសួរសុខទុក្ខ និងនាំយកអំណោយរួមមាន ថវិកា និងភេសជ្ជៈមួយចំនួន ជូនដល់កងកម្លាំងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលសកម្មភាពនេះបានបង្ហាញអំពីការគិតគូរ យកចិត្តទុកដាក់ដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការ នៅជួរមុខ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជូនជាតិមាតុភូមិ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនភូមិភាគទី៣ទាំងអស់ ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់កងកម្លាំង។

នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានកោតសរសើរចំពោះសមទ្ធិផល និងកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់កងកម្លាំងនគរបាលការពារព្រំដែន នាពេលកន្លងមក ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ នៅតាមខ្សែបន្ទាត់ព្រំដែនទាំងគោក និងទឹក។ លោកបានជំរុញលើកទឹកចិត្ត ដល់កងកម្លាំងទាំងអស់ សូមបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានល្អបន្ថែមទៀត ពិសេសត្រូវព្យាយាមពង្រឹងសមត្ថភាព ចំណេះជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងថែមទៀត៕