(សៀមរាប)៖ លោក ស៊ុន គង់ ជាប្រធានមន្ទីរមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថា គិតមកពេលនេះ មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត បានបណ្តុះកូនឈើចម្រុះបាន ១៦៥,០០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ និងវិស័យឯកជន យកទៅដាំដោយគិតថ្លៃ។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នៅទីតាំងការិយាល័យឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនថ្មីៗនេះ លោក ស៊ុន គង់ បានរៀបរាប់ថា ដើម្បីអនុវត្តតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣ - ២០២៨ និងដើម្បីឆ្លើយតបយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានមុំ៥ គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា។ ដោយឡែកសម្រាប់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន បានដាក់ចេញមុំ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបរូបនេះ បានបញ្ជាក់ថា៖ «នៅឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន បានយកមូលដ្ឋានក្នុងការដាំស្តារ ក្នុងនោះការបណ្តុះកូនឈើយ៉ាងតិច១លានដើម។ ដោយឡែកនៅខេត្តសៀមរាប យើងបានខិតខំបណ្តុះកូនឈើចម្រុះបានចំនួន ១៦៥,០០០ដើម សម្រាប់ចែកជូនដល់ងប្អូនប្រជាពលរដ្ឋ វិស័យឯកជន ចែកជូនដោយមិនគិតថ្លៃសម្រាប់យកទៅដាំនៅក្នុងមូលដ្ឋានរៀងៗខ្លួន»។

សម្រាប់កិច្ចការងារអភិរក្សធនធានធម្មជាតិវិញ, ត្រូវបានប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប បញ្ជាក់យ៉ាងច្បាស់ថាមន្ត្រីទាំងអស់នឹងអនុវត្តតាមក្រមបរិស្ថាន ធនធានធម្មជាតិ។ បើទោះបីជាជួបនឹងការលំបាកមួយចំនួនក្តី ក្នុងការបំពេញភារកិច្ច ប៉ុន្តែអនុវត្តច្បាប់ទាំងអស់បានខិតខំប្រឹប្រែងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីការពារព្រៃឈើ និងសត្វព្រៃឱ្យនៅគង់វង្ស បើទោះបីជាមានបុគ្គលមួយចំនួនតូចនៅតែបន្តលួចប្រព្រឹត្តក៏ដោយ។

បើតាមលោក គង់ វរុំ ប្រធានការិយាល័យឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន បានឱ្យដឹងថា ជាគោលការណ៍ថ្នាលបណ្តុះកូនឈើនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន អាចបណ្តុះកូនឈើបាន៥ម៉ឺនដើម ក្នុងមួយឆ្នាំ។ ប៉ុន្តែថ្នាលនេះ មានលទ្ធភាពអាចបណ្តុះកូនឈើបានរហូតដល់ទៅ៧ម៉ឺនដើមក្នុងមួយឆ្នាំលើសពីផែនការ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅតំបន់ឧទ្យានព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន លោក គង់ វរុំ បានបញ្ជាក់ថា ការបណ្តុះកូនឈើលើសពីផែនការនេះដោយសារការពង្រីកបន្ថែម ខណៈបច្ចុប្បន្នបានចែកកូនឈើជូនប្រជាពលរដ្ឋក៏ដូចជាសាលារៀន វត្តអារាម មន្ទីរពេទ្យ និងសហគមន៍បានជាច្រើន។

គួរបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាមានគោលជំហរច្បាស់លាស់ក្នុងការជំរុញភាពបៃតងរបស់កម្ពុជា ដែលក្នុងនោះក្រសួងបរិស្ថានបានរៀបចំបណ្តុះកូនឈើរួចហើយ សម្រាប់យុទ្ធនាការចែកកូនឈើជាង ១លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំស្តារព្រៃ ដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋានចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤តទៅ៕