(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជាមានជំហររឹងមាំ អាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៧។ នេះបើតាមរបាយការណ៍របស់ ADB។

ក្នុងកម្មវិធីផ្សព្វផ្សាយជំពូកស្ដីពីកម្ពុជា នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងរបាយការណ៍របស់ ADB បានសរសេរថា «ប្រទេសកម្ពុជា មានជំហររឹងមាំ ដើម្បីទទួលបានលទ្ធផលល្អ ពីការត្រួតពិនិត្យវាយតម្លៃ រយៈពេលបីឆ្នាំ បន្ទាប់លើកទីពីរនៅឆ្នាំនេះ ដែលអាចនឹងឆ្លងផុតពីក្រុមប្រទេស LDC នៅឆ្នាំ២០២៧»

ការអះអាងបែបនេះ យោងតាមការពិនិត្យឡើងវិញ រយៈពេលបីឆ្នាំរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៤ ប្រាក់ចំណូលជាតិសរុប សម្រាប់មនុស្សម្នាក់បច្ចុប្បន្ន គឺ១,៥៩០ដុល្លារខ្ពស់ជាងកម្រិតស្តង់ដារ ដែលមានចំនួន ១,៣០៦ដុល្លារ។

ពីរទសវត្សរ៍បន្ទាប់ពីត្រូវបានដាក់បញ្ចូល ក្នុងក្រុមប្រទេស LDC ដែលកំណត់ដោយ អង្គការសហប្រជាជាតិ កម្ពុជាបានបំពេញលក្ខណៈវិនិច្ឆ័យ ដើម្បីឆ្លងផុតពីក្រុមប្រទេសនេះ ជាលើកដំបូង ក្នុងឆ្នាំ២០២១។

ទន្ទឹមគ្នានេះ ក្នុងរបាយការណ៍ បានគូសបញ្ជាក់ថា ការឆ្លងផុតនេះ ផ្តល់អត្ថប្រយោជន៍រយៈពេលវែង, តាមរយៈការបង្ហាញសញ្ញាវិជ្ជមានអំពីការអភិវឌ្ឍ និងស្ថិរភាពរបស់ប្រទេស វាទំនងជានឹងទាក់ទាញ FDI កាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចកាន់តែឆាប់រហ័ស។

ការឆ្លងផុតនេះ ក៏អាចពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយកាត់បន្ថយការពឹងផ្អែកលើផលិតផល និងទីផ្សារតែមួយចំនួនតូច។ ការត្រៀមខ្លួនដើម្បីឆ្លងផុត នឹងរួមបញ្ចូលការពង្រឹងសមត្ថភាពស្ថាប័ន ដែលនាំឱ្យអភិបាលកិច្ច ការអនុវត្តគោលនយោបាយ និងភាពធន់នឹងការប៉ះទង្គិច ពីខាងក្រៅកាន់តែមានប្រសិទ្ធភាព។ នេះបើតាមបញ្ជាក់ក្នុងរបាយការណ៍របស់ ADB។

ជាមួយនឹងការ ឆ្លងផុតក្រុមប្រទេស LDC នេះ ADB ក៏បានបង្ហាញពីបញ្ហាប្រឈម នៃការបាត់បង់ផលប្រយោជន៍ពាណិជ្ជកម្ម ដូចជា បុព្វសិទ្ធិទទួលបាន ការលើកលែងពន្ធ និងវិធានដើមកំណើតទំនិញ ដែលមានលក្ខណៈបន្ធូរបន្ថយ នឹងប៉ះពាល់ដល់ការនាំចេញសំខាន់ៗមួយចំនួន ជាពិសេសការនាំចេញ GFT ទៅកាន់សហភាពអឺរ៉ុប (EU) ដែលមានចំនួន១២.៧% នៃការនាំចេញទាំងអស់ ក្នុងឆ្នាំ២០២៣។

បើតាមរបាយការណ៍, អង្គការពាណិជ្ជកម្មពិភពលោកព្យាករថា ការឆ្លងផុតនេះ អាចនាំឲ្យមានការធ្លាក់ចុះ ៦.០% នៃការនាំចេញរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេសប៉ះពាល់ ដល់វិស័យ GFT។
ការឆ្លងផុតនេះ ក៏នឹងកាត់បន្ថយជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលជាកត្តាសំខាន់រួម ចំណែកដល់កំណើន និងការអភិវឌ្ឍខ្ពស់ ក្នុងមួយទសវត្សរ៍កន្លងមកនេះ៕