(ភ្នំពេញ)៖ ​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ការរឹតបន្តឹងចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាសំខាន់ និងជាកង្វល់របស់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

ការថ្លែងបែបរបស់នាយឧត្តមសេនីយ៍ ធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ​នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែសីហា ឆ្នាំ២០១៦ របស់អនុគណៈកម្មការទី២ នៃគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ​នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នេះបើតាម Facebook របស់លោកនាយឧត្តមសេនីយ៍។

ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍​ បានផ្ដោតសំខាន់លើកគោលការណ៍ចំណុច៣ រួមមាន៖

ទី១-បន្តការអប់រំ ដាស់តឿន រំលឹក (អប់រំចំពោះអ្នក ធ្វើចរាចរណ៍ណា ដែលមានកំហុស តិចតួចដូចជា ករណីបត់ឆ្វេង បត់ស្តាំជាដើម និងមិនត្រូវរំខានពេល វេលាពួកគាត់យូរនាំឲ្យមានការ ថ្នាំងថ្នាក់) និងផាកពិន័យ

ទី២-មន្រ្តីនគរបាលអនុវត្តច្បាប់ចរាចរណ៍ ត្រូវប្តូរឥរិយាបទ មកទល់ ម៉ោងនេះ មិនត្រូវឲ្យមានការទះគូទឡាន រឺក៏ទះក្បាល ឡានទៀតទេ អាហ្នឹងដាច់ខាតត្រូវតែកែឥរិយាបទហ្នឹងឲ្យបាន កែមិនបានដោះស្រាយតាមវិន័យ និងត្រូវប្តូរឥរិយាបទ ខឹងឆេវឆាវ ឲ្យមក ស្លូតបូត ទន់ភ្លន់ តែម៉ឺងម៉ាត់នឹងការងារ

ទី៣-ឃាត់ខ្លួនបញ្ជូនទៅតុលាការ ចំពោះអ្នកធ្វើចរាចរណ៍ណាដែលខុសធ្ងន់ធ្ងរ ដូចជាប្រឆាំង​តបជាមួយសមត្ថកិច្ច ហៅអត់ឈប់ ផ្គើន តដៃ ​វ៉ៃ ​បំពានទៅសមត្ថកិច្ច ឬក៏ឡានដែលខុសធ្ងន់ដែល មិនអាច អត់ឱនឲ្យ បាន ដូចជាពាក់ស្លាកលេខក្លែងក្លាយ ដូចជា អ្នកបើកបរ គ្មានប័ណ្ណ បើកបរ ករណីនេះ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ។

ជាមួយគ្នានោះដែរ អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា ​បញ្ហាប្រឈមនៅតែមានចំពោះគ្រោះថ្នាក់ចរាចរណ៍ដូចជា ការបើកបរលើស ល្បឿនកំណត់ ការមិនគោរពសិទ្ធិ ការបត់ ការជែង ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ការដឹកលើសចំណុះ ការមិនពាក់ មួក សុវត្ថិភាពជាដើម ហើយមុខសញ្ញាដែលទទួល រងគ្រោះ ភាគច្រើន អ្នកជិះម៉ូតូ អ្នកជិះរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកកម្មករ៕