(ភ្នំពេញ)៖ ចាប់ផ្តើមដំណើរការនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០០១ អាជ្ញាធរអគ្គិសនីកម្ពុជា បានជួលផ្ទះវីឡាតូចមួយ នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ធ្វើជាទីស្នាក់ការបំពេញការងារបណ្ដោះអាសន្ន ហើយបន្ទាប់មកដោយមើលឃើញពីការលំបាកកន្លែងបំពេញការងារ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ផ្ទះវីឡាមួយ នៅលើដីឡូតិ៍លេខ០២ ផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅក្នុងដីឡូតិ៍ទំហំ ៧៥០ម៉ែត្រការ៉េ និងមានផ្ទះ វីឡាតូចមួយមានចំនួន២ជាន់ ទាំងជាន់ផ្ទាល់ដី ដែលមានទំហំ ២៧០ម៉ែត្រការ៉េ ក្នុង១ជាន់។

ប៉ុន្តែក្រោមការខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ជាពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បានផ្តល់លទ្ធភាពដល់អាជ្ញាធរអគ្គិសនីកម្ពុជា អាចសន្សំប្រាក់ទិញដីបានមួយកន្លែង រហូតសាងសង់ស្នាក់ការថ្មី ដើម្បីបម្រើឱ្យការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនៃអាជ្ញាធរអគ្គិសនីកម្ពុជា។

ជាក់ស្តែងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ អគារទីស្នាក់ការថ្មី របស់អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ព្រមទាំងអតីតប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងមន្ត្រីជាច្រើនរូបទៀត ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា អគារទីស្នាក់ការថ្មីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា បានចំណាយពេលសាងសង់ចំនួន២៤ខែ ចាប់ផ្តើមសាងសង់នៅនៅខែវិច្ឆិកា ឆ្នាំ២០២១ និងបានសាងសង់រួចរាល់១០០ភាគរយ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជារូបនេះ បានបន្ថែមថា អគារនេះមានកម្ពស់ ៩ជាន់ គិតទាំងជាន់ផ្ទាល់ដី ដែលមានទំហំអគារ ១,០៩៧ម៉ែត្រការ៉េ ក្នុង១ជាន់ មានចំណតរថយន្តចំនួន៤ជាន់ ដែលចតរថយន្តចំនួន៧៤គ្រឿង និងអាចចតម៉ូតូបានចំនួន ៨០គ្រឿង មានទីតាំងសម្រាប់បំពេញការងារចំនួន៤ជាន់ ព្រមទាំងមានសាលប្រជុំតូចៗចំនួន៤, បន្ទប់មន្ទីរពិសោធន៍ប្រព័ន្ធនាឡិកាស្ទង់ចំនួន១, បន្ទប់ហូបអាហារពេលថ្ងៃត្រង់រួមចំនួន១, បន្ទប់ហាត់ប្រាណចំនួន១។ ដោយឡែកសម្រាប់ជាន់ទី៨ ជាសាលប្រជុំធំដែលអាចដាក់អ្នកចូលរួមចំនួន ៣៤០នាក់។

លោក យឹម វិសិដ្ឋ បានបន្តថា អាជ្ញាធរអគ្គិសនីកម្ពុជាបានទទួលសមិទ្ធផលថ្មីមួយ គឺអគារទីស្នាក់ការសម្រាប់បំពេញការងារ ដែលអាចនិយាយបានថាជាទីតាំងបំពេញការងារដែលមានលក្ខណៈសមរម្យ ទាំងសោភ័ណភាពអគារទាំងមូលទាំងគុណភាពសំណង់ ព្រមទាំងទីតាំងភូមិសាស្ត្រ។ ជាមួយគ្នានេះដែរ សម្រាប់ស្ថាប័នអាជ្ញាធរអគ្គិសនីកម្ពុជា ក៏អាចនិយាយបានថាពិតជាមានមោទនភាពដែលស្ថាប័ននេះបានកើតឡើងពីបាតដៃទទេ ចេញដំណើរពីមានតែលោកបណ្ឌិត ទី នរិន្ទ តែម្នាក់ឯង បន្ទាប់មកមានថ្នាក់ដឹកនាំចំនួន២រូបទៀត បូកនឹងមន្ដ្រី-បុគ្គលិក ចំនួន២០រូប រួមទាំងមន្ត្រី-បុគ្គលិកជំនាញ អ្នកបើកបរ សន្តិសុខ និងអ្នកបោសសម្អាត, កន្លែងធ្វើការជួលគេ គ្មានមធ្យោបាយធ្វើការងារ គ្មានមធ្យោបាយធ្វើដំណើរខ្វះខាតធនធានមនុស្ស ប៉ុន្តែពេលនេះ មានកន្លែងធ្វើការសមរម្យ និងមានមន្ត្រី-បុគ្គលិកចំនួន ១៥១រូប និងអាចចាត់ទុកថា មន្រ្តី-បុគ្គលិកមានបទពិសោធន៍ និងសមត្ថភាពគួរសមក្នុងការបំពេញតួនាទី-ភាកិច្ចរបស់ខ្លួន។

លោកបានបន្ថែមថា ទន្ទឹមនឹងនេះ ស្ថាប័នអាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវបានទទួលស្គាល់ជាស្ថាប័នមួយដែលបានបង្កើតថ្មី ហើយបានដំណើរការដោយរលូន និងទទួលបានជោគជ័យជាបន្តបន្ទាប់ និងពិតជាស្ថាប័នដែលបានចូលរួមចំណែកយ៉ាងធំធេងធ្វើឱ្យវិស័យអគ្គិសនី នៅកម្ពុជារីកចម្រើនគួរឱ្យកត់សម្គាល់ដូចសព្វថ្ងៃនេះ។

លោក កែវ រតនៈ បានអបអរសាទរចំពោះអាជ្ញាធរអគ្គិសនីកម្ពុជា ដែលទទួលបានសមិទ្ធផលថ្មីនូវអគារទីស្នាក់ការថ្មី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីបានយ៉ាងល្អរបស់ថ្នាក់ដឹកនាំអាជ្ញាធរអគ្គិសនីកម្ពុជា និងមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានចេញដំណើរពីបាតដៃទទេ រហូតនាំសមិទ្ធផលជាច្រើនជូនជាតិនៅក្នុងវិស័យអគ្គិសនីនៅកម្ពុជា៕