(សៀមរាប)៖ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជន នៅថ្ងៃថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានសម្តែងការគោរព និងជូនពរជ័យសិរីមង្គល ដល់ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាលខេត្ត ស្ថិតនៅសាលាខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជាមេបញ្ជាការ ស្នងការរង និងអាជ្ញាធរក្រុង ស្រុក បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលការបំពេញភារកិច្ចស្នូល និងការចូលរួមអភិវឌ្ឍន៍ខេត្តនាឆ្នាំចាស់ ព្រមទាំងលើកឡើងពីចំណុចសេសសល់មួយចំនួន ដែលត្រូវបន្តអនុវត្តឆ្នាំថ្មីផងដែរ។

លោក អ៊ាន ឃុន និងលោក ប្រាក់ សោភ័ណ បានលើកឡើងថា ក្នុងរយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត គឺដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងគ្នា និងគ្នា សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ លោកទាំងពីរ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព ស្ថាប័នពាក់ពន្ធជុំវិញខេត្តទាំងអស់ ដែលបានរក្សានូវប្រពៃណីសាសនា និងស្នាដៃដែលជាសមិទ្ធិផលនានា សំខាន់បានជួយឧបត្ថម្ភគាំទ្រលើការងារសង្គម ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើនកាន់តែល្អប្រសើរថែមទៀតទៅថ្ងៃអនាគត់។ 

លោកទាំងពីរ ក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ក៏ដូចជាវិស័យឯកជនត្រូវបន្តពង្រឹងអនុវត្តន៍ការងារ សន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ នៅក្នុងឱកាសដែលប្រជាពលរដ្ឋ ទទួលអំណរសាទរ និងសប្បាយរីករាយក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ។ លោកទាំងពីរ បន្តថា ត្រូវធ្វើការអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលខេត្តបានត្រៀមលក្ខណ:ទុកជាស្រេច ក្នុងការជួយសង្គ្រោះជាបន្ទាន់ ចំពោះហេតុការណ៍ដែលបានកើតឡើងដោយយថាហេតុណាមួយនោះ នៃព្រឹត្តិការណ៍ «សៀមរាបសង្កា្រន្ត២០២៤» ខាងមុខនេះ។ ផ្តើមចេញពីគុណនយោបាយឈ្នះឈ្នះ ក្រោមម្លប់សន្តិភាព និងអរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា និងបានប្រារព្ធព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» នេះឡើង ដែលបង្កលក្ខណៈដល់ប្រជាពលរដ្ឋ មានភាពសប្បាយរីករាយផងដែរ។

លោកបានបន្តទៀតថា ដើម្បីឲ្យសមស្របទៅតាមគោលការរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតនូវសមិទ្ធផលធំៗ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិទៅអនាគត។ ដូច្នេះយើងត្រូវរួមគ្នារក្សានៅសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម ដែលជាកត្តាធានាឲ្យកម្ពុជា សម្រេចបានលទ្ធផលធំៗ និងថ្មីៗបន្តទៀត ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ និងកែលម្អរ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមួយកម្រឹតទៀត។

លោកបានបញ្ជាក់ថា សមទ្ធិផលដែល យើងសម្រេចបានមកនេះ គឺដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក៏ដូចវិស័យឯកជន ដែលបានចូលរួមសហការអភិវឌ្ឍន៍ខេត្តប្រវត្តិសាស្ត្រមួយនេះ ទទួលបានកិត្តិនាមល្បីល្បាញលើកពិភពលោក ក្រោមដំបូលនៃសន្តិភាព ដែលជាសមិទ្ធផលបានមកពីការស្វែងរកដោយការលំបាក និងមានការលះបង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ៕